ប៉ៃលិន៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នា២០២៤ ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៤វត្ត ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល» និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់» ។
អត្ថន័យ នៃពិធីបុណ្យភ្ជុំបិណ្ឌ! ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ ហើយពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅ។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរគឺ៖
*ទី១៖ ជារយៈពេល នៃការកាន់បិណ្ឌចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរតែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ។
*ទី២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះភិក្ខុសង្ឃក្នុងរយៈពេល១៤ថ្ងៃកន្លងមក។
ខ្មែរយើង គឺជាជនជាតិមួយដែលមានការដឹងគុណចំពោះបុគ្គលដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនាប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹមតែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើមិនជាប់ជាញាតិរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។
និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេនជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ ។
សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការរួមដំណើរ បានធ្វើពិធីរាប់បាត្រ និងវេរនូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា ទាំងឡាយប្រគេនដល់ព្រះសង្ឃ នៅវត្តទាំង៤ រួមមាន៖ ទី១-វត្តសន្តិមារាម «វត្តអូរច្រា» ទី២-វត្តរតនគិរីសិលារាម «ហៅវត្តបរហ៊ុយ» ទី៣-វត្តធម្មាភិវឌ្ឍន៍ «ហៅវត្តអូររអិល» និងទី៤-វត្តបុព្វារាម «សាលាក្រៅចាស់» ដោយក្នុងមួយវត្តៗ រួមមាន៖ អង្ករ ៥ការ៉ុង ទឹកសុទ្ធ ១០កេស មី ១០កេស ត្រីខ ១កេស ទឹកដោះគោ ២៥កំប៉ុង តែ ៥គីឡូ ស្កស ៥គីឡូ ស្លាដក ៥ ចង្ហាន់ ១០ចានស្រាក់ និងបច្ច័យ ចំនួន ១០ម៉ឺនរៀល៕
អត្ថបទ៖ លោក ញ៉ឹប បូរី