ប៉ៃលិន៖ នារសៀលទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តប៉ៃលិន។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ក៍បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តប៉ៃលិន ព្រមទាំងធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីរផែនការខេត្ត ដែលសម្រេចបាននូវវឌ្ឍនៈភាពដ៏ល្អប្រសើរនារយៈពេលកន្លងមកនេះ ហើយត្រូវបន្តកសាងសមត្ថភាពមន្ត្រី និងលើកទឹកចិត្តឲ្យខិតខំដុះខាត់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីក្លាយជា “មនុស្សស្នូល” សម្រាប់អង្គភាព ក៏ដូចជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៍បានមានប្រសាសន៍សង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការផលិតទិន្នន័យស្ថិតិមានភាពត្រឹមត្រូវ ច្បាស់លាស់ គួរឱ្យជឿទុកចិត្តបាន និងទាន់ពេលវេលា ពីព្រោះទិន្នន័យស្ថិតិទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់ក្រសួង ស្ថាប័ន និងអ្នករៀបចំគោលនយោបាយ ធ្វើសេចក្តីសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពោលគឺ “បើគ្មានទិន្នន័យទេ មិនអាចរៀបចំនូវគោលនយោបាយមួយច្បាស់លាស់ទេ”។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ ក៍បានមានប្រសាសន៍លើកឡើងពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដឹកនាំក្នុងអាណត្តិទី៧ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការគិតគូរខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី តាមរយៈនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍពេញលេញ ព្រមទាំងការត្រួសត្រាយផ្លូវសម្រាប់រាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ដែលមានយុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ឆ្នាំផងនោះ។
បើតាមរបាយការណ៍ស្វាគមន៍របស់ លោក សយ សារុន ប្រធានមន្ទីរផែនការខេត្តប៉ៃលិនស្តីទី បានឱ្យដឹងថា៖ ខេត្តប៉ៃលិន មានគ្រួសាររស់នៅអចិន្ត្រៃយ៍សរុបចំនួន ១៩១៤០គ្រួសារ ដោយមានប្រជាជនសរុប ៨០៩៣៦នាក់ ក្នុងនោះប្រជាជនជាស្ត្រីមានចំនួន ៤០,៣០៩នាក់ ដែលមានដង់ស៊ីតេប្រជាជនគិតជាមធ្យមចំនួន ៦៩នាក់គ/ម២ អត្រាកំណើនប្រចាំឆ្នាំជាមធ្យម ២,៤៨% និង គ្រួសារដែលមានមុខរបរជាចម្បងក្នុងវិស័យកសិកម្មមានចំនួន ៥៨%, ផ្នែកសេវាកម្មមាន ៤១% និងផ្នែកសិប្បកម្មមាន ១%(យោងតាមទិន្នន័យមូលដ្ឋានឃុំសង្កាត់(CDBសម្រាប់ ប្រើប្រាស់ឆ្នាំ២០២៤)។
អត្ថបទ៖ លោក ញ៉ឹប បូរី