ប៉ៃលិន៖ នៅសាលប្រជុំសាលាខេត្ត នារសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជា សឿន សកលវិទ្យាធិការ នៃសកលវិទ្យាល័យជាតិមានជ័យ ដើម្បីលើកកម្ពស់វិស័យអប់រំថ្នាក់ឧត្តមសិក្សារវាងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ បានជម្រាបជូនលោកជំទាវបណ្ឌិត អភិបាលខេត្តថា៖ ប្រតិភូសាកលវិទ្យាល័យ មកកាន់ខេត្តប៉ៃលិននាពេលនេះ គឺមានគោលបំណង៥ សំខាន់ៗរួមមាន៖ ទី១-គឺគោរពរាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យជាតិមានជ័យ ត្រៀមពង្រីកអាគារសិក្សាបន្ថែម និងពង្រឹងលើការសិក្សាកាន់តែល្អប្រសើរថែមទៀត, ទី២-សុំកិច្ចសហការពីសំណាក់លោកជំទាវអភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ សម្រាប់ការបង្រៀនថ្នាក់ឧត្តមសិក្សា ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់សិស្ស និងនិស្សិតនៅខេត្តប៉ៃលិនផ្ទាល់តែម្តង, ទី៣-គោរពសុំការអនុញ្ញាតិក្រុមការងារនៃសាកលវិទ្យាល័យជាតិមានជ័យមករៀនដកពិសោធន៍ពី ខេត្តប៉ៃលិន, ទី៤-ការផ្សព្វផ្សាយអំពីវិស័យអប់រំ និងសក្តានុពលរបស់សាកលវិទ្យាល័យ និងទី៥-កិច្ចការទំនាក់ទំនងរវាងសាកលវិទ្យាល័យជាតិមានជ័យ និងខេត្តប៉ៃលិន។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្ដែងនូវការអបអរសាទរ និងរីករាយដែលសាកលវិទ្យាល័យជាតិមានជ័យមានចំណាប់អារម្មណ៍ចំពោះខេត្តប៉ៃលិន ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ជាពិសេសការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគិនទូទៅ មកចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងឱកាសនោះដែរផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តមសាកលវិទ្យាធិការ ដែលមានចំណាប់អារម្មណ៍ចូលរួមលើកកំពស់វិស័យអប់រំនៅក្នុងខេត្តប៉ៃលិន ជាពិសេសថ្នាក់ឧត្តមសិក្សា សម្រាប់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សាសាកលវិទ្យាល័យ ដូច្នេះសូមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តសហការ និងពិភាក្សាជាមួយសាកលវិទ្យាល័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន ពីព្រោះយុវជន គឺជាធនធានដ៏សំខាន់ សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសនាពេលអនាគត។
សូមបញ្ជាក់ថា៖ ដោយគិតគូខ្ពស់ពីសុខទុក្ខរបស់សិស្សនិសិ្សត រៀងរាល់ថ្ងៃចុងសប្តាហ៍(សៅរ៍-អាទិត្យ) លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភរថយន្តក្រុង ធ្វើការដឹកជញ្ជូន ព្រះសង្ឃ និងសិស្សនិស្សិត ទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងខេត្តបាត់ដំបង ដោយសុវត្ថិភាព និងឥតគិតថ្លៃ។
អត្ថបទ៖ លោក ញ៉ឹប បូរី