ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំ ដើម្បីផ្សព្វផ្សាយនូវវិធានថ្មីៗមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះមុខ ជាតិ និងប្រជាជន គឺថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែន ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីសម្របសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ដែលកំពុងឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន រួមទាំងនគរបាលអន្តោប្រវេសន៍ផងដែរ ត្រូវសហការគ្នា និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឲ្យបានកាន់តែល្អប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់។
សូមបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ, ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ផងដែរ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី