ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, ឯកឧត្ដម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, យុវជន សសយក,យុវជនកាយរឹទ្ធី, យុវជនកាកបាទក្រហម, និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមប្រារព្ធពិធីអបអរសាទរ «ការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា នៅបរិវេណវិមានឯករាជ្យខេត្ត ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មហាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីយ៉ាងអធឹកអធម ដោយមានមហាជនចូលរួមជាង ប្រាំពាន់នាក់ ធ្វើការទូងស្គរជ័យ លើកផ្ទាំងប៉ាណូ ផ្ទាំងបដាបណ្ដាពាក្យស្លោក និងឧបករណ៍បំពងសំឡេង ហើយនៅពេលរាត្រី ក៏មានការរាំលេងកំសាន្ត និងបាញ់កាំជ្រួចអបអរសាទរ ព្រមទាំងដាក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ខ្នាតធំ ពីរាជធានីភ្នំពេញ ចំនួន ៤ទីតាំង ដោយក្នុងក្រុងប៉ៃលិន ២ទីតាំង និងស្រុកសាលាក្រៅ ២ទីតាំង ជាពិសេស នៅតាមទីវត្តអារាម សាលារៀន ទីប្រជុំជន និងលំនៅដ្ឋានប្រជាពលរដ្ឋនៅទូទាំងខេត្ត បាននាំគ្នាទូងស្គរ គោះជួង គោះប៉ោត គោះឆ្នាំង តាមមធ្យោបាយរៀងៗខ្លួន ជាមួយនឹងស្នាមញញឹម សេចក្តីត្រេកអរឥតឧបមា សប្បាយរីករាយអបអរនូវមហាសមិទ្ធផលធំធេងជាប្រវត្តិសាស្រ្តស្ថិតក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍន៍។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត សូមចូលរួមអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ហើយជាគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
ព្រែកជីកហ្វូណនតេជោ នៅពេលស្ថាបនារួចរាល់ នឹងផ្តល់នូវអត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ចូនកាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ។
សូមបញ្ជាក់ថា៖ ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដោយមានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព ហើយមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះនេះ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី