ប៉ៃលិន៖ រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសិក្ខាសាលាស្តីពី “ការពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥” ស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលានេះថ្ងៃនេះនឹងបានចូលរួមនូវគោលគំនិតល្អៗ សំដៅដល់ការទទួលបាននូវផលប្រយោជន៍ពីការវិភាគស្ថានភាពចក្ខុវិស័យយុទ្ធសាស្ត្រនិងផែនការ ដែនដីនៅខេត្តប៉ៃលិន ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ពិតជាទទួលបាននូវការលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរឡើង ដែលជាការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីលើកកម្ពស់ការងារ សមធម៌ ប្រសិទ្ធភាព ស្ថេរភាព ការកសាងនៅមូលដ្ឋាន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ «បញ្ចកោណទី៤» ផ្ដោតលើកំណែទម្រង់ស៊ីជម្រៅលើការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន ដែលធានាបាននូវចីរភាព បរិស្ថាន ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍អោយដឹងថា៖ ផែនការប្លង់គោលប្រើប្រាស់ដីនៅទូទាំងខេត្តប៉ៃលិន មានផែនការលម្អិតចេញពីប្លង់គោលប្រើប្រាស់ដី និងបញ្ចូលនូវការបែងចែកតាមតំបន់នីមួយៗសំខាន់ៗ តាមលក្ខខណ្ឌភូមិសាស្ត្រ និងគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រោះខេត្តប៉ៃលិនជាទឹកដីត្បូងពេជ្រ ដែលជាសម្បត្តិធម្មជាតិមិនអាចកាត់ថ្លៃបាន លើសពីនោះមានទាំងតំបន់បេតិកភណ្ឌវប្បធម៌នៅកណ្តាលក្រុង មានទឹកធ្លាក់ធម្មជាតិច្រើនកន្លែងទាក់ទាញទេសចរណ៍ មានដងភ្នំព័ទ្ធជុំវិញ មានមូលដ្ឋានសេដ្ឋកិច្ចទូលំទូលាយ ដែលមានឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ ជាពិសេសមានក្តានុពលខ្លាំងលើវិស័យកសិកម្មចម្រុះ និងវិស័យជាច្រើនទៀត។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍លើកឡើងថា៖ នគរូបនីយកម្មនៅខេត្តប៉ៃលិន គឺមានកំណើនគួរឱ្យយកចិត្តទុកដាក់ ក្នុងនោះ នៅឆ្នាំ២០០៨ ប្រជាជនទីក្រុងស្មើនឹង ២២% នៅឆ្នាំ ២០១៩ ប្រជាជនទីក្រុងស្មើនឹង ៧៦% និងរំពឹងថានៅឆ្នាំ២០៣០ ប្រជាជន ទីក្រុងនឹងកើនដល់ ៨០% និងនៅឆ្នាំ២០៥០ ប្រជាជនទីក្រុងនឹងកើនដល់ ៨១% នៃប្រជាជនសរុបក្នុងខេត្តប៉ៃលិន ដូច្នេះកត្តានេះជាហេតុនាំឱ្យយើងត្រូវ យកចិត្តទុកដាក់ក្នុងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម គិតទុកជាមុន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព តុល្យភាព និងសុភមង្គល សម្រាប់អនាគត។
ក្នុងឱកសនោះផងដែរ ឯកឧត្តមបណ្ឌិត ប៉ែន សុផល ក៏បានមានប្រសាសន៍ កោតសរសើ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ហើយបានរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេសការរៀបចំសង្ក្រាន្តប៉ៃលិន កន្លងទៅនេះ គឺមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្តក្នុងខេត្ត យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងផែនការអភិវឌ្ឍខេត្តប៉ៃលិន ជាដែនដីកែវមណីជាតិ នៃមាតុភូមិយើង ប្រកបដោយសុខដុមរមនា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព តាមចក្ខុវិស័យសម្រាប់អភិវឌ្ឍន៍ខេត្ត ឆ្នាំ២០៤៥ រួមមាន៥គោលដៅសំខាន់ៗគឺ៖ ១-កែលម្អរ និងអភិវឌ្ឍទីក្រុងកែវបៃតងទំនើប ប្រកបដោយសុខដុមរមនា, ២-ច្រកចេញ-ចូល អន្តរជាតិ និងភស្តុភាកម្មប្រចាំតំបន់, ៣-មជ្ឈមណ្ឌលផលិតកម្ម ឧហ្សាហកម្ម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍គ្រាប់ពេជ្របៃតង, ៤-រមណីយដ្ឋានគុជទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍, ៥-អភិបាលកិច្ចល្អនិងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាពនិងទាន់ពេលវេលា។
អត្ថបទ៖ លោក ញ៉ឹប បូរី