ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត បានអញ្ជើញពិនិត្យមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោត សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន និងសាលាបឋមសិក្សាសាលាក្រៅ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ជាទូទៅដំណើរការល្អ ដោយសមាជិក សមាជិការក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងដំណែង ដែលជាអង្គបោះឆ្នោត បានទៅបោះឆ្នោតតាមមណ្ឌល និងការិយាល័យរបស់ខ្លួនបានយ៉ាងរលូន ដោយការិយាល័យទាំង ២ បានបើកទ្វារនៅម៉ោង ៧ព្រឹក ថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានដំណើរការបោះឆ្នោត តាមនីតិវិធីកំណត់ ប្រកបដោយបរិយាកាសល្អ ដែលគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង មានសិទ្ធិចូលរួម ដោយសេរី និងយុត្តិធម៌ ស្មើភាពគ្នា ក្រោមកិច្ចការពារធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ។
សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន ១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥៕
អត្ថបទ៖ លោក ញ៉ឹប បូរី