ប៉ៃលិន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ មួយចំនួនក្នុងខេត្តប៉ៃលិន រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, អនុវិទ្យាល័យភ្នំយ៉ាត និងអនុវិទ្យាល័យប៉ាងរលឹម ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ។
ដើម្បីជំរុញដំណើរការគាំទ្រ និងលើកកម្ពស់ផ្នែកបច្ចេកទេស ប្រែក្លាយជាគ្រឹះស្ថានសិក្សារដ្ឋគំរូឱ្យកាន់តែប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ មួយចំនួនដូចជា៖ ១-បន្តប្រើប្រាស់បន្ទប់ពិសោធន៍បច្ចេកទេសឱ្យអស់ពីលទ្ធភាព និងពង្រឹងគុណភាពបង្រៀនទ្រឹស្ដីឱ្យបានច្បាស់លាស់ជាមុន និងលើកកម្ពស់ការអនុវត្តការពិសោធន៍ជាក់ស្ដែង ២-រៀបចំបង្កើតក្លឹបសិក្សាក្រៅម៉ោងសិក្សាជាពិសេសការបន្ថែមម៉ោងសិក្សា និងការធ្វើតេស្ដស្ដង់ដាហើយណែនាំឱ្យសិស្សចេះរៀនពីរបៀបធ្វើការស្វ័យសិក្សាដោយខ្លួនឯង ហើយបន្តពង្រឹងអភិបាលកិច្ចសាលារៀន ៣-បង្កើតឱ្យមានវិន័យ និងរៀបចំបរិស្ថានឱ្យបានស្អាតល្អ ដើម្បីជំរុញឱ្យមានការលើកកម្ពស់សុខភាពសិក្សារបស់សិស្សានុសិស្សឱ្យល្អប្រសើរ និងស្នើឱ្យបន្តខិត ខំប្រឹងប្រែងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដើម្បីបង្កើនជំនឿចិត្តមាតាបិតា អ្នកអាណាព្យាបាល និងឈានទៅបង្កើតជាមជ្ឈមណ្ឌលឌីជីថល និងពង្រឹងការបង្រៀនភាសាបរទេសនាពេលខាងមុន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៅក្នុងខេត្ត ដែលកន្លងមកបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដូច្នេះសូមបន្តរួមគ្នាប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០,១២៧នាក់ ស្រី១០,១៦១នាក់ ក្នុងនោះមត្តេយ្យសិក្សា ២៧សាលា, បឋមសិក្សា ៥៣សាលា, អនុវិទ្យាល័យ ៦សាលា, វិទ្យាល័យ ៣សាលា, មត្តេយ្យសិក្សាសហគមន៍ ១២សាលា, មត្តេយ្យសិក្សាឯកជន ១០សាលា, បឋមសិក្សាឯកជន ១១សាលា និងអនុវិទ្យាល័យឯកជន ១សាលា ៕
អត្ថបទ៖ លោក ញ៉ឹប បូរី