រដ្ឋបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនគេជោនិងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូនដូចជា៖ កាត់បន្ថយតម្លៃដឹកជញ្ចូនកាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ ការបង្កើតតំបន់ពាណិជ្ជកម្មតំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ។
រដ្ឋបាលខេត្ត សូមសម្ដែងការគាំទ្រលើគំនិតនៃការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជុំវិញនៃការកសាងសមិទ្ធផលថ្មីជូនជាតិមាតុភូមិកម្ពុជា ដោយបានបង្កើតនូវគម្រោងព្រែកជីកហ្វូណនតេជោ នេះឡើងចាប់តាំងពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ ក្នុងការបន្តស្នាដៃក្រោមការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យកាន់តែរីកចម្រើនតទៅអនាគត។
ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
ប៉ៃលិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤