ប៉ៃលិន៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ ។
ឯកឧត្តម ហុក សុផល បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។
ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហុក សុផល ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែបយ៉ាង ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ពលរដ្ឋមានការរីកចំរើនជាលំដាប់។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។
សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោកជំទាវប្រធានមូលនីធី ក៍បានរៀបចំម្ហូបអាហារ និងជូនអាវប៉ាក់សម្រាប់ទៅវត្ត ដល់លោកយាយលោកតាផងដែរ ។
អត្ថបទ៖ លោក ញ៉ឹប បូរី