ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានស្នើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ផ្តល់កិច្ចសហការ, ការគាំទ្រ និងការសម្របសម្រួលដល់ការបំពេញភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច សំដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើបែបនេះក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារ មកពីបណ្តាក្រសួងស្ថាប័ននានា ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ព្រមទាំងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និងកាន់តែឆាប់ ជាពិសេសត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដូចជា៖ សកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស ការជម្រិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ជាដើម។
សូមបញ្ជាក់ថា៖ ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍នាំមកនូវការសួរ សុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី