ប៉ៃលិន៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងខេត្តប៉ៃលិន ។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤ របស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានប៉ៃលិន លោក លោកស្រីប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងថ្នាក់ដឹកនាំគណបក្សមន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ផងដែរ ។
នាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពរបស់គណបក្សខេត្ត និងអាននូវសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បញ្ជីឈ្មោះផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្ត។
មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី រួមទាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តប៉ៃលិន ក្នុងពិធីដ៏មានសារសំខាន់នាពេលនេះ ហើយក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអង្គពិធីទាំងមូល ឯកឧត្តមក៏សូមអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ ដែលគណបក្សបានផ្ដល់ការគាំទ្រជឿទុកចិត្តចាត់តាំងជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ទន្ទឹមនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ដែលមានតួនាទីតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមរួមគ្នាបន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងត្រូវខិតខំលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងាររបស់រដ្ឋតាមតួនាទីភារកិច្ចរៀងៗខ្លួន ដោយត្រូវចូលរួមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យសម្រេច បានជោគជ័យតាមការរំពឹងទុក។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៍បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ទូទាំងខេត្តប៉ៃលិន ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារគណបក្ស និងការងាររដ្ឋ ហើយសម្រេចបានសមទ្ធិផលនានាជាច្រើន ជាពិសេសបានអនុវត្តការងារនានាក្នុងការត្រៀមរៀបចំការងារនានាសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយការបេ្ដជ្ញាចិត្តរួមគ្នាក្នុងក្របខណ្ឌគណបក្សទាំងមូល ដើម្បីដណ្ដើមជោគជ័យជូនគណបក្ស។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត៕
អត្ថបទ៖ លោក ញ៉ឹប បូរី