ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានដឹកនាំយុវជន ស.ស.យ.ក ខេត្ត អញ្ជើញចូលរួម ក្នុងកម្ម វិធីប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបង្ហាញក្ដីសោមនស្ស រីករាយ យ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួន តាមរយៈ ការប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» ដែលបានរៀបចំឡើងក្រោមប្រធានបទសំខាន់ចំនួន ៣ គឺ៖ « ភាសាបេះដូងជូន ដូនតា » «គំរូវីរភាពរបស់ថ្នាក់ដឹកនាំ» និង«ក្ដីស្រលាញ់សម្រាប់កម្ពុជា»។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបង្ហាញមោទនភាពចំពោះសមិទ្ធផលជាច្រើន ដែល ស.ស.យ.ក. សម្រេចបានរួមគ្នា ក្នុងអំឡុងពេលជាងមួយទសវត្សរ៍មកនេះ និងបានបញ្ជាក់ថា សមាជិក សមាជិកា ស.ស.យ.ក. ក៏ដូចជាយុវជនខ្មែរគ្រប់រូបតែងតែស្ញប់ស្ញែង និងរំលឹកគុណដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានផ្ដល់នូវភាពអស្ចារ្យរបស់អាណាចក្រខ្មែរ និងជ្រើសរើសផ្លូវសម្រាប់សង្គមជាតិជាជាងប្រយោជន៍ និងសុភមង្គលផ្ទាល់ខ្លួនរបស់លោកទាំងអស់គ្នា។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍រំលេចឡើងថា៖ ជាក់ស្ដែង ព្រះរាជបូជនីយកិច្ចក្នុងការទាមទារឯករាជ្យរបស់សម្ដេចនរោត្តម សីហនុ និងការនាំមកនូវសន្តិភាព ឯកភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម របស់សម្ដេចតេជោ គឺមិនមែនជាព្រហ្មលិខិត ដែលបានចារមកទុកនោះទេ ប៉ុន្តែកើតចេញពីក្ដីសង្ឃឹមសម្រាប់កម្ពុជា ដោយផ្សារភ្ជាប់ជាមួយការតស៊ូ លះបង់ ពលីកម្ម និងជម្នះឧបសគ្គ បញ្ហាប្រឈម គ្រប់បែបយ៉ាងជាមួយឧត្តមគតិ ភាពឈ្លាសវៃ ទេពកោសល្យ និងភាពជាអ្នកដឹកនាំដែលអាចការពារជាតិ និងប្រជាជនឱ្យបានមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ «ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជនរបស់យើង ព្រោះថា៖ កម្ពុជាក្នុងបេះដូងខ្ញុំ កម្ពុជាតែងតែនៅក្នុងបេះដូងយើងជានិច្ច យើងជឿជាក់លើកម្ពុជា កម្ពុជាតែមួយគត់ កម្ពុជាដំបូងបំផុត កម្ពុជារៀងរហូតដល់ដំណាក់កាលចុងក្រោយរបស់ខ្ញុំ!»។
សូមបញ្ជាក់ថា៖ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក៍បានចូលរួមតាំងពិព័រណ៍ផលិតផលភូមិផលិតមួយរបស់ខេត្ត និងកសិផលដែលមានសក្តានុពលក្នុងខេត្តផងដែរ ។
អត្ថបទ៖ លោក ញ៉ឹប បូរី