ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានដោយផ្ទាល់ ដូច្នេះមន្ត្រីជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់ឲ្យបានម្មត់ចត់ ដើម្បីអោយការប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ៖ លោក ញ៉ឹប បូរី