ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសសយកខេត្ត បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលក្រុងប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោក សុខ ពិសី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម រាម សុមាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ដោយមានអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ គណៈអភិបាលក្រុង-ស្រុក អង្គភាពស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការសង្គមស៊ីវិល ព្រមទាំងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។
លោក សយ សារុន ប្រធានមន្ទីរផែនការខេត្តស្តីទី បានមានប្រសាសន៍ថា៖ គោលបំណងសំខាន់នៃអង្គសិក្ខាសាលាថ្ងៃនេះ គឺៈ1. ផ្សព្វផ្សាយគម្រោងសំណើជាអាទិភាព ដែលសង្កាត់ ក្រុង ខេត្ត បានស្នើឡើង 2. កៀរគរធនធានពីប្រភពនានាសម្រាប់គាំទ្រគម្រោង ដែលបានស្នើឡើងដោយរដ្ឋបាល ខេត្ត ក្រុង សង្កាត់ 3. សម្របសម្រួល និងធ្វើឱ្យមានសង្គតិភាពរវាងគម្រោងនានារបស់សង្កាត់ ក្រុង ខេត្ត ជាមួយនឹងគម្រោងរបស់ស្ថាប័ន មន្ទីរ អង្គភាព និងអង្គការដៃគូនានា 4. ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្ត ក្រុង សង្កាត់ ជាមួយភាគីពាក់ពន្ធ័នានា ក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន និងបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោក សុខ ពិសី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុងនាពេលនេះ ដើម្បីផ្សារភ្ជាប់ផែនការវិស័យ ទៅនឹងផែនការមូលដ្ឋាន ក្នុងគោលបំណងជួបប្រជុំគ្នាជាមួយក្រុមប្រឹក្សា សង្កាត់ទាំង៤ បណ្តាមន្ទីរ វិស័យនានា បណ្តាអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ វិស័យឯកជន ដើម្បីពិនិត្យមើលនូវការអនុវត្តគម្រោងឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារអភិវឌ្ឍឆ្នាំថ្មី ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស ជាការឆ្លើយតប គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសមេ្តចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះលោកអភិបាលរងខេត្តបានមានប្រសាសន៍អំពាវនាវដល់តំណាងអង្គការជាដៃគូទាំងអស់ មេត្តាជួយឧបត្ថម្ភគាំទ្រលើគម្រោងជាអាទិភាពរបស់សង្កាត់ និងក្រុងសម្រាប់ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាពេលនេះ ឱ្យទទួលបានជោគជ័យដ៏ធំធេង ជាបន្តទៀត ។
បើតាមរបាយការណ៍លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា៖ លទ្ធផលកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានអនុវត្តន៍ និងមិនបានអនុវត្តន៍ គិតត្រឹមត្រឹមាសទី៣ ក្នុងឆ្នាំ២០២៣ មានចំនួន ២១ គម្រោង រួមមាន៖
១.ផ្នែកសេដ្ឋកិច្ច៖ មាន ០៣ គម្រោង
– អនុវឌ្ឍន៍បាន ០២ គម្រោង មិនទាន់អនុវឌ្ឍន៍ ០១ គម្រោង
២.ផ្នែកសង្គមកិច្ច៖ មាន ០៤ គម្រោង
– អនុវឌ្ឍន៍បាន ០២ គម្រោង មិនទាន់អនុវឌ្ឍន៍ ០២ គម្រោង
៣.ផ្នែកគ្រប់គ្រង ធនធានធម្មជាតិ បរិស្ថានមាន ០២ គម្រោង
-អនុវឌ្ឍន៍បាន ០១ គម្រោង មិនទាន់អនុវឌ្ឍន៍ ០១ គម្រោង
៤.ផ្នែករដ្ឋបាល និងសន្តិសុខមាន ១២ តម្រោង
-អនុវឌ្ឍន៍បាន ០៦ គម្រោង មិនទាន់អនុវឌ្ឍន៍ ០៦ គម្រោង
+គម្រោងមិនទាន់បានអនុវឌ្ឍន៍ និងគម្រោងកំពុងអនុវត្តនឹងបន្តអនុវឌ្ឍន៍នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣
+សរុបថវិកាដែលបានអនុវត្តន៍ទាំងអស់មានចំនួន ១,១៧០,៨០៦,០០០ រៀល (មួយប៊ីលានមួយរយ ចិតសិបលាន ប្រាំបីរយប្រាំមួយពាន់រៀលគត់)។
ក្នុងនោះគម្រោងដែលអនុវត្តដោយថវិការបស់រដ្ឋបាលក្រុងប៉ៃលិនផ្ទាល់មានចំនួន ០៨ គម្រោង ដែល ប្រើប្រាស់អស់ថវិកាចំនួន ៥១៩,៨០៦,០០០ រៀល (ប្រាំរយដប់ប្រាំបួនលានប្រាំបីរយប្រាំមួយពាន់រៀលគត់)៕