(ភ្នំពេញ)៖ កម្ពុជាបាន រៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល លើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ការណ៍នេះធ្វើឡើងធ្វើឡើងដោយមានការអញ្ជើញចូលរពីលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមទាំងមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណជាង២០០នាក់។
ក្នុងឱកាសនេះ លោកបណ្ឌិត លី ធុជ មានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមចំណែកនូវការបោះជំហានទៅមុខជាមួយនឹងប្រទេសសប្បុរសដែលជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យឯកជនដែលបានគាំទ្រនិងរួមចំណែកក្នុងវិស័យកម្ចាត់មីនដែលជាសក្ខីកម្មរបស់កម្ពុជាក្នុងការប្ដេជ្ញាចិត្តបន្ថយបន្ទុករបស់អ្នករស់រានមានជីវិតដោយសារភ្នក់ភ្លើងសង្គ្រាម។លោកបណ្ឌិត លី ធុជ បានបន្ដថា ដំណើររបស់កម្ពុជាគឺជាតម្រាយផ្លូវមួយដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការដោះមីន កម្មវិធីជួយជនរងគ្រោះដោយសារសង្គ្រាម និងផ្ដល់នូវក្ដីសង្ឃឹមដល់ជនដែលរងផលប៉ះពាល់ដោយសារជម្លោះរយៈពេល៣០កន្លងមកនេះ។
ហើយកម្ពុជាក៏ស្ថិតនៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនដ៏យូរអង្វែងបានបង្ហាញនូវការរួមបញ្ចូលគ្នានៃវឌ្ឍនភាព
និងការអាណិតអាសូរក្នុងវិស័យកម្ចាត់មីនដែលបង្ហាញនូវទស្សនវិជ្ជាថា«យើងមិនទុកអ្នករស់រានមានជីវិតណាម្នាក់ចោលនោះទេ»។
សូមបញ្ជាក់ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូ ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា ជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាពក៏ដូចជា សហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព។
សន្និសីទសកលលើកទី៣នេះទៀតសោត ក៏ដើម្បីឲ្យអ្នកចូលរួមអនុវត្តរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតី រួបរួមគ្នា មេត្តាធម៌និងការប្តេជ្ញារួមគ្នា ដោះស្រាយបញ្ហាប្រឈមជាសកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែល លើសពីការងារបោសសម្អាតមីន។ មួយវិញទៀត បទពិសោធ និងទស្សនៈល្អៗក្នុងសន្និសីទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឲ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេសចូលរួម។
សូមបញ្ជាក់ថា សន្និសីទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើកទី នៅប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ រីឯលើកទី៣ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមកាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ៕