(អន្តរជាតិ)៖ CNN រាយការណ៍ថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន២០០០នាក់ ទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីបង្ហាញកម្លាំងនៅក្នុងតំបន់។ ចំណាត់ការនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែនេះ។ដឹកនាំដោយអង្គភាពបេសកកម្មដែនសមុទ្រទី២៦ កងកម្លាំងឆ្លើយតបយ៉ាងរហ័ស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវា USS Bataan ដែលជានាវាវាយប្រហារ ធ្លាប់ឈរជើងនៅឈូងសមុទ្រអូម៉ង់។
ការដាក់ពង្រាយកងទ័ពជើងទឹកនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងផ្ញើសារកំញើញអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន ក៏បានល្បាតដែនទឹកក្បែរសាធារណរដ្ឋឥស្លាមផងដែរ។ដោយឡែក កាលពីថ្ងៃអាទិត្យទី១៥ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យទាហាន ២០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់បេសកកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ ក្នុងប្រទេសអ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា បទបញ្ជានេះមិនមែនធានាអំពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សានោះទេ៕