ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំធ្វើផ្ទះបរិច្ចាគតូចៗ សម្រាប់ដាក់ តាំង នៅត្រង់ជ្រុងផ្លូវជាច្រើនកន្លែង នៅក្នុងក្រុងប៉ៃលិន ដើម្បីទទួលនូវអំណោយសប្បុរសធម៌ ពីសប្បុរសជនយកទៅផ្តល់ជនប្រជាពលរដ្ឋ ដែលក្រីក្រខ្វះខាត ។ប្រភពព័ត៌មាន បានឱ្យដឹងថា នេះជាលើកទី១ ហើយដែលរដ្ឋបាលខេត្ត មានគំនិតច្នៃប្រឌិត ក្នុងការធ្វើផ្ទះបរិច្ចាគ ដាក់នៅតាម ជ្រុងផ្លូវ ដើម្បីប្រមូលសម្ភារៈ គ្រឿងឧបភោគ បរិភោគ ពីប្រជាពលរដ្ឋ ដូចជា អង្ករ បន្លែ ត្រី សាច់ ឬសម្ភារៈ ប្រើប្រាស់ផ្សេងៗ ។រដ្ឋបាលខេត្ត ក៏សូមជម្រាបជូនបងប្អូនមានចិត្តសប្បុរសធម៌ អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគ បរិភោគ យកមកដាក់ចូលរួម ក្នុងផ្ទះបរិច្ចាគនេះបាន ដើម្បីយកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដាច់ស្រយាល។
លើសពីនេះ ការធ្វើបែបនេះ គឺដើម្បីអោយបងប្អូន ដែលមានជីវភាពខ្វះខាតអាចមកយកសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគ បរិភោគ ក្នុងផ្ទះបរិច្ចាគនេះបាន ។សូមបញ្ជាក់ថា (១គ្រួសារ អាចយកបានតែ១កញ្ចប់ប៉ុណ្ណោះ) ផ្តល់ជូនចំពោះ តែអ្នកមានជីវភាពខ្វះខាត។ បើសិនជាមានប្រជាពលរដ្ឋណា មានជីវភាពធូរធារ ចង់ចូមរួមចំណែកជួយសង្គម អាចយកសម្ភារៈ របស់ខ្លួន ទោះបីជាតិចក្តី ច្រើនក្តីតាមសទ្ធាជ្រះថ្លាផងដែរ ៕