ជាទូទៅ ផលិតផលថែរក្សាស្បែក ច្រើនតែផ្ទុកនូវសារធាតុកាត់ Steroid និងសារធាតុផ្សេងៗមួយចំនួនទៀត តិចឬច្រើន ទៅតាមកម្រិតនៃផលិតផលទាំងនោះ ហើយវាពិតជាផ្តល់ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចករណីឡេឆាប់ស ច្រើនតែផ្ទុកសារធាតុបារត ពេលយើងលាបទៅ អាចជ្រាបនិងចូលក្នុងចរន្តឈាម ពេលសន្សំវាយូរៗទៅ ក៏ធ្វើឱ្យប៉ះពាល់សុខ ភាពខ្លួនឯង និងប៉ះពាល់ដល់ទារកក្នុងផ្ទៃផងដែរ។
បើតាមវេជ្ជបណ្ឌិតឯកទេសខាងសម្ភព សួង សុបិន បម្រើការនៅគ្លីនិក និងសម្ភព ចិន្តា បញ្ជាក់ថា បើនិយាយពីផលប៉ះពាល់ដល់ទារកក្នុងផ្ទៃគឺមាន ប៉ុន្តែចំពោះផលប៉ះពាល់យ៉ាងណានោះ គឺអាស្រ័យលើកម្រិតប្រើប្រាស់ និងពេលវេលា។
វេជ្ជបណ្ឌិតរូបញ្ជាក់ថា សារធាតុនៅក្នុងឡេ ពិសេសគឺឡេលាយដែលគ្មានមូលដ្ឋានស្តង់ដាតែម្តង គឺមានផ្ទុកសារធាតុគីមី និង ជាតិកាត់ច្រើន បើស្ត្រីមានផ្ទៃពោះ ប្រើផលិតផលប្រភេទនេះលើស្បែក កូនក្នុងផ្ទៃអាចប្រឈមនឹងបញ្ហាផ្សេងៗ ពិសេស ធ្វើឱ្យទារកខ្សោយផងដែរ។
បើតាមលោកស្រីវេជ្ជបណ្ឌិត ល្អបំផុត អំឡុងពេលមានផ្ទៃពោះ មិនត្រូវប្រើផលិតផលគ្រឿងសម្អាងផ្តេសផ្តាសឡើយ សូម្បីតែទឹកអប់ ឬផលិតផលរក្សាស្បែក ក៏ព្រោះតែយើងក៏មិនច្បាស់ថា ក្នុងផលិតផលដែលយើងប្រើ វាបង្កជាបញ្ហាអ្វីខ្លះ៕