(អ៊ុយក្រែន)៖ កងពលតូចជួរមុខទីបីរបស់អ៊ុយក្រែន បានចេញផ្សាយនូវខ្សែអាត់វីដេអូ កាលពីថ្ងៃអាទិត្យ ដោយអះអាងថា ដើម្បីបង្ហាញអំពីទិដ្ឋភាពនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយកងទ័ពរុស្ស៊ីនៅជិតតំបន់បាក់មុត (Bakhmut) ។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសារអេឡិចត្រូនិកតេឡេក្រាម (Telegram) កងពលតូចទីបី បាននិយាយថា ខ្សែវីដេអូនេះបានបង្ហាញអំពីរូបភាពទាហានមួយក្រុម រងការវាយប្រហារភ្លាមៗ អំឡុងកំពុងបើករថពាសដែក រួចក៏បង្ខំចិត្តផ្លាស់ប្តូរទីតាំង ដើម្បីរក្សាការការពារខ្លួន ។ ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) មិនអាចធ្វើការបញ្ជាក់ទីតាំងពិតប្រាកដ ឬកាលបរិច្ឆេទថតវីដេអូនេះនៅឡើយទេ ។ គួរជម្រាបថា កងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាជាមួយទាហានរុស្ស៊ី ដើម្បីដណ្តើមយកទឹកដីនៅជិតទីក្រុងបាក់មុត ត្រឡប់មកវិញក្រោយរងការបំផ្លិចបំផ្លាញ នៅពេលកងកម្លាំងរុស្ស៊ីបានដណ្តើមយកកាលខែឧសភាបន្ទាប់ពីការចំណាយពេលប្រយុទ្ធគ្នាជាច្រើនខែ ៕