ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា ក្រោយមានការសង្ស័យពីករណីស្លា.ប់របស់បុរសម្នាក់ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីបរិភោគសាច់មាន់(មាន់ងាប់) នៅភូមិម្រាក់ទាប ឃុំអំពិល ស្រុករមាសហែក លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ចាត់ចែងយកសំណាកស.ព នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០យប់ ដើម្បីធ្វើតេស្តវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០១និង៤០នាទីរសៀល ។
បច្ចុប្បន្ន ក្រោមការណែនាំរបស់លោកអភិបាលខេត្ត មន្ទីរជំនាញបានចាត់វិធានការ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងតំបន់កើតមានជំងឺ និងណែនាំបងប្អូនប្រជាពលរដ្ឋ បើមានសត្វស្លា.ប់ត្រូវយកទៅកប់ចោល ដែលជាវិធានការតឹងរឹង ព្រមទាំងបានអប់រំសុខភាពដល់គ្រួសារសព អ្នកប៉ះពាល់ អ្នកចូលរួមក្នុងពិធីបុណ្យ និងប្រជាជនក្នុងភូមិ ។
ជាមួយនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាអនាម័យតាមរយៈការលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគបាយ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់បក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឲ្យបានឆ្អិនល្អ ដោយឡែកចំពោះអ្នក ដែលមានការប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច ស្ថិតនៅដាច់ពីគេ តាមដានសុខភាព ហើយក្នុងករណីមានចេញអាការៈប្រែប្រួលសុខភាព ឬមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដែលនៅជិតបំផុត ៕