ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ថា(គ.ជ.ប.ជ )បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តប៉ៃលិន ដោយមានកិច្ចសហការ ជាមួយអង្គការ ការីតាសស្វីស ។
លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើសេចក្តីរាយការណ៍ខ្លី ស្តីអំពីស្ថានភាពរបស់រដ្ឋបាលខេត្តប៉ៃលិន ។ លោកស្រីអភិបាលរងខេត្តបានថ្លែងបញ្ជាក់បន្ថែមថា៖ វត្តមានរបស់លោក-លោកស្រី ដែលជាជំនាញពាក់ព័ន្ធនិងទទួលខុសត្រូវទាំងអស់ក្នុងខេត្តពិតជាបានបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ជាមួយមន្ត្រីជំនាញអនុវត្តផ្ទាល់នៅថ្នាក់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងនៅតាមមូលដ្ឋាន ដើម្បីអនុវត្តភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងរួមសហការគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយគឺដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់មនុស្សជាតិ និងខេត្តប៉ៃលិនយើងផងដែរ ។
អញ្ជើញមានមតិចាប់អារម្មណ៍ ក្នុងពិធីបើកវគ្គនេះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពីច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងព័ត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ ។
លោកជំទាវបានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូនទៅគោលដៅ និងការផ្តល់សេវាជាក់លាក់។ លោកជំទាវបន្តថា៖ ម្យ៉ាងវិញទៀតវគ្គបណ្តុះបណ្តាលដែលមានរយៈពេល០២ថ្ងៃនេះ នឹងផ្តល់ឱ្យអស់លោក -លោកស្រី ដែលជាសិក្ខាកាម មានការយល់ដឹងកាន់តែច្បាស់អំពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយ អំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាពេលខាងមុខកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល និងសំនូមពរសិក្ខាកាមទាំងអស់ ចូលរួមផ្តល់មតិយោបល់ ឲ្យបានផុលផុសទៅលើខ្លឹមសារនៃមេរៀនគោលការណ៍ណែនាំនេះផងដែរ ។
ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង ក៏បានកោតសរសើរចំពោះការចូលរួមរបស់សិក្ខាកាម និងសំណូមពរឱ្យសិក្ខាមទាំងអស់ ខិតខំប្រឹងប្រែង ដើម្បីក្រេបជញ្ជក់យកនូវចំណេះដឹង និងបទពិសោធន៍ដែលបានចែករំលែកដោយគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តនៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព ចូលរួមចំណែកក្នុងការការពារទប់ស្កាត់ និងឈានដល់លុបបំបាត់អំពើជួញដូរមនុស្សនៅខេត្តប៉ៃលិនប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា៖ សិក្ខាសាលាការបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនៅខេត្តប៉ៃលិននេះមានរយះពេល ០២ថ្ងៃគឺ គិតចាប់ពីថ្ងៃទី ០៩ ខែតុលា ដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំសិក្ខាសាលារបស់ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការ ជាមួយអង្គការ ការីតាសស្វីស៕