ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសបុរសម្នាក់អាយុ ៥០ឆ្នាំ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
បុរសរូបនេះមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់ ៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
តាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលើបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ប្រមាណជាង ៥០ ក្បាល ហើយមាន់ងាប់នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។
ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនដល់អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។