លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ បើកកិច្ចប្រជុំ ស្តីពីការជម្រុញចលនាភូមិមួយ ផលិតផលមួយ ដោយមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរវិស័យជុំវិញខេត្ត នៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៣។
លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ តាមគោលនយោបាយជាតិ ស្តីពីជំរុញចលនាភូមិមួយ ផលិតផលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០២៦ ដើម្បីរុញច្រានផលិតផលរបស់ប្រទេសជាតិ ដែលមានសេដ្ឋកិច្ចរីកចម្រើន យើងត្រូវ បង្កើនយន្តការរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅមុខលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនចលនាប្រជាពលរដ្ឋ ដោយជំរុញលើកទឹកចិត្ត ផលិតនូវវត្ថុធាតុដើម ការកែច្នៃវត្ថុអនុស្សាវរីយ៍ ដាក់លក់នៅលើទីផ្សារក្នុងខេត្ត ដែលខ្លួនបានផលិត។
លោកអភិបាលរងខេត្តបានលើកឡើងថា៖គំនិតនៃការជំរុញចលនាភូមិមួយ ផលិតផលមួយ ឬផលិតផលនៅតាមតំបន់ ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណីតាមបែបបុរាណ និងតាមបែប សម័យទំនើប ដែលផ្តល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋាន ដោយពង្រឹងពង្រីក បរិមាណ គុណភាព និងសោភ័ណភាព ដើម្បីរកកម្រៃបន្ថែម ជួយបង្កើនប្រាក់ ចំណូលប្រចាំគ្រួសារ។ ម្យ៉ាងវិញទៀត៖ ចក្ខុវិស័យរបស់រាជរដ្ឋាកម្ពុជាគឺផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ និងចូលរួមលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋកាន់ តែល្អប្រសើរឡើង សំដៅជំរុញការអភិវឌ្ឍផលិតកម្មជាទំនិញ និងសេវាកម្មនានា នៅតាមភូមិឋាន ឬសហគមន៍ទូទាំងខេត្ត ធានាការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាពលើគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច បរិស្ថាន និងសង្គមក្នុងកម្រិតភូមិឋាន សហគមន៍ប្រទេសជាតិ និងសកលលោក ។ជាមួយគ្នានោះលោកអភិបាលរងខេត្តបានបន្ថែមថា៖ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខជីវភាពប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាជម្រុញលើគ្រប់វិស័យទូទាំងខេត្តអោយល្អប្រសើរនិងមានសក្តានុពល ក្នុងការលើកកម្ពស់ជីវភាពអោយមានភាពល្អប្រសើរថែមទៀត។
លោក ងួន លីណា អភិបាលរងខេត្ត បានធ្វើការណែនាំឱ្យអាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញវិស័យបង្កើតក្រុមការងារជម្រុញ ចលនាភូមិមួយ ផលិតផលមួយឱ្យបានផុលផុសស្របតាមកំណើន នៃការវិនិយោគ និងទេសចរណ៍នៅខេត្តប៉ៃលិននាពេលបច្ចុប្បន្នផងដែរ៕