ប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តប៉ៃលិន ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម ជាពិសេសឃុំស្ទឹងត្រង់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វី កើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សូមរំលឹកថា៖ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ តែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ។
អត្ថបទ៖ លោក ញ៉ឹប បូរី