រាជធានីភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ ខណៈឡើងទៅលើរន្ទា បូកជញ្ជាំង នៅលើជាន់ទី៣ នៃអគារកំពុងសាងសង់មួយកន្លែង ហើយក៏បានរអិលជើងផ្ងារក្រោយធ្លាក់មកទើរលើដំបូលផ្ទះក្បែរនោះ បណ្ដាលឲ្យបែកក្បាល រងរបួសធ្ងន់ ត្រូវបានក្រុមជាងធ្វើការជាមួយគ្នា ដឹកតាមរថយន្ត១គ្រឿង បញ្ជូនទៅកានមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ។
ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរលងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើមានឈ្មោះ ចាប អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅក្នុងខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅក្នុងការដ្ឋានសំណង់ក្នុងភូមិកើតហេតុខាងលើ ។
កម្មករដែលធ្វើការជាមួយគ្នា បាននិយាយថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានឡើងទៅឈរលើរន្ទា បូកជញ្ជាំង នៅជាន់ទី៣ ហើយក្រោយមក ក៏រអិលជើងធ្លាក់ ផ្ងារក្រោយ ប៉ុន្តែចាត់ទុកជាសំណាងដែរ បានធ្លាក់មកទើរលើដំបូលផ្ទះមួយ ស្ថិតនៅជាប់នោះ ពុំធ្លាក់ដល់ដីឡើយបណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់គួរសមដែរ។ ខណៈនោះ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ហើយភ្លាមៗ ត្រូវបានពួកគាត់ ដែលជាកម្មកររួមការងារ ជួយដាក់ចុះ រួចដឹកតាមរថយន្ត របស់ក្រុមសំណង់ នាំយកទៅកាន់គ្លីនិកឯកជនមួយ ដើម្បីសង្គ្រោះបន្ទាន់ ៕