(ប៉ៃលិន)៖ នៅសាលប្រជុំ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ប៉ាវ សុខមាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការអញ្ចើញចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្ត រដ្ឋបាលក្រុង ស្រុក អធិការក្រុង ស្រុក តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជាច្រើនរូបចូលរួម។ លោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានលើកឡើង ថា៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១កន្លងទៅនេះ បានដាក់ចេញនូវផែនការអន្តរស្ថាប័ន ស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤។លោក ប៉ាវ សុខមាន បានថ្លែងបន្តថា៖ គោលដៅ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឲ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះបោះឆ្នោត សម្រាប់៖ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត, ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៦) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។ ក្នុងនោះ ក៏ចំពោះប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២២ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ ដែលហួសសុពលភាព ឬឯកសារបញ្ជក់អត្តសញ្ញាណបម្រើ ឲ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោត នាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី របស់ខ្លួន។ លោក ប៉ាវ សុខមាន ក៍បានបញ្ជាក់ផងដែរថា៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នោតឆ្នាំ ២០២៣ ត្រូវធ្វើឡើងក្នុងរយៈពេល ១៩ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣។
ថ្លែងក្នុងឪកាសនោះដែរលោក សោ សុវណ្ណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោត ហើយគោលដៅ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត គឺដើម្បីធានា ឲ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពច្បាស់ ដោយធានាបាន នូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យ អត្តសញ្ញាណ របស់អ្នកបោះឆ្នោត។ លោក សោ សុវណ្ណ អភិបាលរងខេត្ត មានប្រសាសន៍បន្តថា៖ ចំពោះប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២២ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់ត្រាមិនត្រឹមត្រូវ, ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២២ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យក្នុងភូមិតែមួយ, ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២២ ដែលបានទទួលមរណភាព ឬត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬផ្លាស់ លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់ផ្សេង គឺមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបំពេញបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយផ្អែកលើឯកសារសំអាង ពីការកែតម្រូវឈ្មោះ និងទិន្នន័យ តាមសំណើសុំរបស់បងប្អូនប្រជាពលរដ្ឋ ។ ត្រង់ចំណុចនេះ លោក សោ សុវណ្ណ អភិបាលរងខេត្ត ក៍បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់កិច្ចសហការល្អ និងចូលរួមតាមតួនាទី ក្នុងគ្រប់ដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យការរៀបចំការបោះឆ្នោត កាន់តែបានល្អប្រសើរឡើង រួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងការ អភិវឌ្ឍប្រទេស កាន់តែរីកចម្រើនរុងរឿង ក្នុងនោះក៍សូមអំពាវនាវដល់សមត្ថកិច្ច ដែលប្រចាំការតាមគោលដៅ ការិយាល័យចុះឈ្មោះបោះឆ្នោត សូមអនុវត្តន៍នូវតួនាទីរបស់ខ្លួនឲ្យបានល្អ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតផងដែរ ៕អត្ថបទ សេង សុវណ្ណារិទ្ធ