(ឥណ្ឌា)៖ កងកម្លាំងសន្តិសុខរបស់អាជ្ញាធរឥណ្ឌាក្នុងតំបន់រដ្ឋភាគខាងកើតបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករដែលនាំគ្នាមកតវ៉ាក្នុងទីក្រុងអ៊ីមផាល (Imphal) រដ្ឋ Manipur កាលពីថ្ងៃពុធ ជុំវិញករណីឃាតកម្មទៅលើនិស្សិតរងគ្រោះចំនួនពីររូបដែលបានបាត់ខ្លួនកាលពីពេលថ្មីៗ ។
ការតវ៉ានេះ បានផ្ទុះឡើងបន្ទាប់ពីមានការបែកធ្លាយនូវរូបថតនៅលើបណ្តាញអ៊ីនធើណិតកាលពីថ្ងៃចន្ទ ពាក់ព័ន្ធនឹងសាកសពរបស់និស្សិតរងគ្រោះទាំងពីររូបដេកស្លាប់នៅក្នុងព្រៃ ដោយគេសង្ស័យថាជាករណីឃាតកម្ម ដោយសារតែបញ្ហាជម្លោះជាតិសាសន៍រវាងក្រុមពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាបានឱ្យដឹងថា អាជ្ញាធរបានប្រកាសវិធានការបម្រាមគោចរនៅក្នុងទីក្រុងខាងលើដើម្បីទប់ស្កាត់កុំឱ្យមានករណីនៃអំពើហិង្សាកើតឡើងសារជាថ្មី បន្ទាប់ពីមានអំពើហិង្សាបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសជាង ២០នាក់ កាលពីដើមខែកន្លងទៅ ។ គួរបញ្ជាក់ថា រដ្ឋភាគខាងកើតរបស់ឥណ្ឌា ហាក់ញាំញីទៅដោយបញ្ហាជម្លោះជាតិសាសន៍រវាងក្រុមពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចអម្បូរ Meiti ជាមួយនឹងពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចអម្បូរ Kuki ជុំវិញការបែងចែកចំនួនកូតាដឹកនាំសង្គម គិតចាប់តាំងពីមានករណីអំពើហិង្សាបានផ្ទុះឡើងកាលពីខែឧសភា ដោយបានសម្លាប់មនុស្សជាង ២០០នាក់ និងជាច្រើនពាន់នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ៕