(ភ្នំពេញ)៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារការជួញដូរ។
មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ ដោយសារ ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕