(កីឡា)៖ ក្រុមជើងឯករងឆ្នាំមុន Newcastle United បានទំលាក់ក្រុមជើងឯកអង់គ្លេស Manchester City តាំងពីជុំទី ៣ នៃពានរង្វាន់ Carabao Cup ក្រោយជ័យជំនះ ១-០ នៅទឹកដី St. James Park។ Newcastle ដែលចាញ់ Manchester United នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុននោះ បានផ្លាស់ប្តូរជម្រើសដំបូង ១០នាក់ ប្រៀបធៀបនឹងជម្រើសពេលឈ្នះនៅទឹកដី Sheffield United ៨-០ ចុងសប្តាហ៍កន្លងទៅ តែនៅវគ្គទី ១ មិនសូវមានឱកាសលេងបាល់ឡើយ។Manchester City ក៏បានផ្លាស់ប្តូរជម្រើសដំបូង ៨ នាក់ដែរ និងមានឱកាសច្រើននៅវគ្គទី ១ តែធ្វើមិនបានសំរេច មុនពេល Newcastle រកបានគ្រាប់ជ័យជំនះនៅវគ្គទី ២ ដោយ Alexander Isak ដើម្បីឡើងជុំទី ៤ ជួបជាមួយ Manchester United ម្តងទៀត។ Newcastle នៅពេលនេះមិនចាញ់ ៤ ប្រកួតជាប់គ្នា បន្ទាប់ពីចាញ់ ៣ ប្រកួតជាប់គ្នា។ងាកទៅក្រុមតោខៀវ Chelsea រកបានជ័យជំនះដំបូងក្នុង ៤ ប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះ Brighton ១-០ ដោយគ្រាប់បាល់របស់ Nicolas Jackson ដើម្បីឡើងជុំទី ៤ ជាមួយ Blackburn Rovers។
ចំណែកឯ Liverpool ក៏បន្តដំណើរទៅមុខដែរក្រោយវាយបកយកឈ្នះ Leicester City ៣-១។ Leicester City នាំមុខមុនដោយគ្រាប់បាល់របស់ Kasey McAteer តាំងពីនាទីទី ៣ តែក្រុមរបស់លោក Jurgen Klopp បានវាយបកយកឈ្នះវិញ ៣ គ្រាប់ដោយ Cody Gakpo, Dominik Szoboszlai និង Diogo Jota ដើម្បីបន្តជួប Bournemouth នៅជុំទី ៤។ចុងក្រោយនេះក្រុមកាំភ្លើងធំ Arsenal ក៏បន្តទៅជុំទី ៤ ដែរក្រោយយកឈ្នះនៅទឹកដី Brentford ១-០ ដោយគ្រាប់បាល់ជ័យជំនះរបស់ Reiss Nelson។ Arsenal នឹងបន្តជួប West Ham នៅជុំទី ៤ ដែលនឹងត្រូវប្រកាសនៅថ្ងៃទី ១ ខែវិច្ឆិកា៕