(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ការមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី ២៨ នេះ ជាការឆ្លើយតបតាមការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនេះនឹងជំរុញនូវការពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់ល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ជាដើម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ ផងដែរ៕