«ជំងឺហ្ស៊ីកា» ត្រូវបានគេស្គាល់ថា ជាភ្នាក់ងារចម្លងជំងឺដ៏សាហាវ ដែលធ្វើឱ្យកូនដែលកើតមកមិនប្រក្រតី ដូចជា មានក្បាលតូច ខូចខួរក្បាល និងប្រព័ន្ធប្រសាទ ហើយបើធ្ងន់ធ្ងរគឺបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃតែម្តង។ នេះបើយោងតាមការផ្សព្វផ្សាយឱ្យដឹង របស់ក្រសួងសុខាភិបាល។
ជំងឺឆ្លងមួយប្រភេទនេះ វាធ្ងន់ធ្ងរលើសពីជំងឺឆ្លងដទៃផ្សេងទៀត ព្រោះមិនមានថ្នាំព្យាបាល និងមិនមានវ៉ាក់សាំងការពារ នៅឡើយទេ ហើយមិនត្រឹមតែឆ្លងតាមរយៈមូសខ្លាប៉ុណ្ណោះទេ វាអាចឆ្លងបានតាមរយៈការរួមភេទទៀតផង។
១. តើអ្នកកើតជំងឺហ្ស៊ីកាមានអាការៈរោគបែបណាខ្លះ?
ភាគច្រើននៃអ្នកកើតជំងឺនេះប្រហែល ៧០% ទៅ ៨០% ពុំស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែក្នុងចំណោមអ្នកផ្ទុក វីរុសហ្ស៊ីកាមួយចំនួន ក៏អាចចេញរោគសញ្ញាមួយចំនួនដូចជា ក្តៅខ្លួន មានស្នាមក្រហមអុចលើស្បែក ឈឺសាច់ដុំ និងសន្លាក់ដៃជើង និងភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)។
ឯរោគសញ្ញាបន្ទាប់បន្សំ អ្នកជំងឺ អាចលេចចេញអាការៈមួយចំនួន ដូចជា អស់កម្លាំង ឈឺក្បាល វិបត្តិផ្លូវរំលាយអាហារ (រាគ ឬ ក្អួត)។
២. ចំណុចសំខាន់ត្រូវយល់ដឹងពីជំងឺហ្ស៊ីកា
– ភ្នាក់ងារចម្លងវីរុសប្រភេទនេះ (មូសខ្លា) មិនត្រឹមតែអាចខាំនៅពេលថ្ងៃប៉ុណ្ណោះទេ វាក៏អាចខាំនៅពេលយប់ផងដែរ។
– ជំងឺឆ្លងមួយប្រភេទនេះ មិនមានថ្នាំព្យាបាល និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។
– វីរុសហ្ស៊ីកាអាចនៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។
៣. ធ្វើម៉េច ដើម្បីការពារខ្លួនពីការឆ្លង?
ចំពោះការការពារខ្លួនពីវីរុសហ្ស៊ីកាមិនសូវជាខុសគ្នានឹងការពារខ្លួនពីជំងឺគ្រុនឈាមឡើយ គឺត្រូវ៖
– ប្រើថ្នាំបាញ់ ឬលាប កុំឱ្យមូសមកជិត (ស្ត្រីមានផ្ទៃពោះ អាចប្រើបាន ពុំមានផលប៉ះពាល់ទេ)
– ស្លៀកពាក់ឱ្យជិតខ្លួនប្រាណ និងមានពណ៌ភ្លឺ
– ជៀសវាងការរួមភេទជាមួយដៃគូ ដែលមានផ្ទុកវីរុសហ្ស៊ីកាត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ
– ការពារពីមូសខាំ ដោយសម្រាកក្នុងមុងរាល់ពេលថ្ងៃ/យប់ និងធ្វើយ៉ាងណា ឱ្យផ្ទះមានពន្លឺចូលគ្រប់គ្រាន់ បំបាត់ជម្រកមូស។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺហ្ស៊ីកា មួយករណី លើកុមារីអាយុ ៧ឆ្នាំ រស់ នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការឱ្យដឹងពីប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លាង ឬទ្ធា នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣ នេះ កុមារីដែលឆ្លងជំងឺហ្ស៊ីកានោះ មានសុខភាពល្អប្រសើរ រង់ចាំធ្វើតេស្តពីរដងទៀត បើលទ្ធផលអវិជ្ជមាន នឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕