(បាត់ដំបង)៖ ម្ចាស់ចម្ការដូងក្រូអូប នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដាក់គោលដៅ នៅចុងឆ្នាំ ២០២៣ នឹងបង្កើនបរិមាណ ផ្គត់ផ្គង់ដូងក្រអូបទីផ្សារក្នុងស្រុកឱ្យបានពី ៩ពាន់ ទៅ ១ម៉ឺនផ្លែក្នុងមួយខែ។ ដោយឡែកនៅឆ្នាំ ២០២៤ អាចហក់ ដល់ជាង ១ម៉ឺនផ្លែ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ម្ចាស់ចម្ការដូងក្រអូប «Darling Farm» កញ្ញា កេង សុចិន្តា បានលើកឡើងថា ចម្ការដូងក្រអូប ផ្ដោតសំខាន់ទៅលើទីផ្សារនៅក្នុងស្រុក ដ្បិតផ្ទែដីដាំដូងក្រអូបនេះ ហាក់នៅមានទំហំតូចនៅឡើយ រួមជាមួយនឹងទំហំ នៃការកែច្នៃនៅមានកម្រិត ផងដែរ។ កញ្ញា បានបន្តថា សម្រាប់ផ្ទៃដីដាំដុះដូងក្រអូប បច្ចុប្បន្នមានទំហំ ៥ ហិកតា។ បរិមាណនៃការផ្គត់ផ្គង់ក្នុងមួយខែចំនួន ៥ពាន់ ទៅ ៦ពាន់ផ្លែ និងចែកចាយទៅផ្សារទំនើបម៉ាក្រូបាន ៤ ដង ក្នុងមួយខែ។ ផ្លែដូងក្រអូប ដែលមិនទាន់បានវេចខ្ចប់ រួចមានតម្លៃ ១ ៥០០ រៀល ក្នុងមួយផ្លែ។ កញ្ញា ចិន្តា បានបន្តថា បច្ចុប្បន្ននេះ ចម្ការដូងក្រអូប បាននឹងកំពុងដាំដុះដូងក្រអូបតឿ ដោយសារដូងប្រភេទនេះ ប្រើប្រាស់រយៈពេលតែជាង ២ឆ្នាំ ប៉ុណ្ណោះអាចប្រមូលផលបាន។ លើសពីនេះទៀត កញ្ញា កេង សុចិន្ដា មានគម្រោងពង្រីកផ្ទៃដីដាំបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ។
ទន្ទឹមនេះ កញ្ញា ក៏គ្រោងពង្រីកកន្លែងកែច្នៃដូងឱ្យមានលក្ខណៈស្ដង់ដារអនាម័យ និងធំទូរលាយ ដែលអាចបង្កើនបរិមាណផលិតបាន ច្រើនជាងមុន ផងដែរ។ សព្វថ្ងៃនេះ ចម្ការដូងក្រអូប បានបង្កើតការងារដល់ពលរដ្ឋប្រមាណ ១៣ នាក់ផងដែរ។នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានប្រកាសដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្ម ដូងក្រអូប ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបាននាំចេញផ្លែដូងស្រស់ទៅទីផ្សារប្រទេសចិន។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញា បញ្ជាក់ថា ពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះ ហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា នៅពេលសម្រេចបាន ពិធីសារនេះហើយ ក្រសួងកសិកម្ម ត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាម ស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕