(កំពត)៖ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានលើកឡើង ៣ ចំណុចសំខាន់ៗ ដើម្បីលើកកម្ពស់និងពង្រឹងគុណភាពការដាំដុះផ្លែដូងស្រស់នៅក្នុងខេត្ត ដើម្បីអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់ធ្វើយ៉ាងណាឲ្យស្របទៅតាមស្តង់ដារនិងតម្រូវការនាំចេញ។បន្ទាប់ពីចិនបានប្រកាសនាំចូលផ្លែដូងស្រស់ពីកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម បានឲ្យអ្នកសារព័ត៌មាន ដឹងថា ការអនុញ្ញាតិឲ្យនាំចូលផ្លែដូងស្រស់ពីកម្ពុជាចូលទៅទីផ្សារចិន ភាគីចិនក៏ត្រួតពិនិត្យទៅលើគុណភាព និងស្របតាមស្តង់ដារបច្ចេកទេស។ ដើម្បីអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់ និងស្របតាមស្តង់ដារ
លោក ចាន់ រិទ្ធិ បានលើកឡើងនូវអនុសាសន៍ ៣ ចំណុចទី១ គឺដូងនៅក្នុងស្រុកមានស្រាប់ ជាពិសេសអ្នកមានចម្ការធំៗដែលកំពុងតែផ្គត់ផ្គង់ទីផ្សារបច្ចុប្បន្ននេះ ត្រូវជួយបំផុសគំនិត និងជំរុញឲ្យទាក់ទងជាមួយនាយកដ្ឋានកសិកម្ម ដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ពីស្តង់ដារនៃការនាំចេញទៅកាន់ទីផ្សារចិន, ទី២ ជួយជំរុញដល់អ្នកដែលមានដីទំនេរ ឲ្យដាំដូងឲ្យបានច្រើន និងស្របតាមបច្ចេកទេស ព្រោះទីផ្សារចិន ជាទីផ្សារធំមួយ ដែលអាចជួយដល់កសិករឲ្យទទួលបានប្រាក់ចំណូលបន្ថែមទៀត ទី៣ មន្ទីរកសិកម្ម នឹងជួយគាំទ្រទៅលើផ្នែកបច្ចេកទេស ដើម្បីឲ្យកសិករដាំដូងទទួលបានទិន្នផលខ្ពស់ និងយល់ពីលក្ខខណ្ឌផ្សេងៗនៃតម្រូវការឲ្យបានត្រឹមត្រូវ និងពន្យល់បន្ថែមពីការនាំចេញ សំដៅឲ្យស្របតាមតម្រូវការស្តង់ដារ។ប្រធានមន្ទីររូបនេះក៏បានបញ្ជាក់ថា «ដោយសារព័ត៌មាននៃការដាំចូលដូងស្រស់ទៅចិននេះថ្មីខ្លាំងពេក ដូច្នេះពាក់ព័ន្ធទៅនឹងតម្រូវការលក្ខណៈស្តង់ដារដែលទីផ្សារចិនទាមទារបែបណានោះ ខ្ញុំនៅមិនទាន់ទទួលបានការណែនាំពីថ្នាក់ជាតិដូចគ្នាខ្ញុំគ្រាន់តែបានដឹងតាមរយៈការបង្ហាញជាផ្លូវការរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មប៉ុណ្ណោះ។
ហើយក្នុងនាម ខ្ញុំជាប្រធានមន្ទីរ ក៏មិនទាន់ទទួលបានបច្ចេកទេសណាមួយទៅលើកម្រិតស្តង់ដារ គឺខ្ញុំនៅជាចំណែកមួយនៃការរង់ចាំពីខាងថ្នាក់ជាតិនៅឡើយ»។ ទោះជាបែបនេះក្តី លោក ចាន់ រិទ្ធិ បានអះអាងថា នៅពេលដែលលោកទទួលបានគោលការណែនាំពីថ្នាក់ជាតិ និងព័ត៌មានច្បាស់ពេលណានោះ ក្នុងនាមជាប្រធានមន្ទីរផ្ទាល់ លោកនឹងរៀបចំផែនការ ព្រមទាំងរៀបចំបញ្ជូនមន្ត្រីបច្ចេកទេសផ្សេងៗ ចុះណែនាំ ផ្សព្វផ្សាយដល់ប្រជាកសិករដែលមានដីដាំដុះដូង និងផ្សព្វផ្សាយការទទួលទិញដូងពីចិន ដល់កសិករឲ្យកាន់តែយល់ដឹងបន្តទៀត ណែនាំឲ្យដាំប្រភេទដូងណាដែលទីផ្សារត្រូវការ ព្រោះក្នុងខេត្តក៏មានការដាំដុះដូងច្រើនប្រភេទ ដូចជាដូងក្រអូប ដូងគល់កែ និងដូងកាប៉ាល់ជាដើម។លើសពីនេះ លោកក៏រំពឹងថា «ការនាំចេញដូងស្រស់ទៅកាន់ទីផ្សារខាងក្រៅនេះ យ៉ាងហោចណាស់ក៏ខ្ញុំជឿថា រាល់ទំនិញដែលនាំចេញ ត្រូវតែមានតម្លៃខ្ពស់ជាងការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក។ ជាក់ស្ដែង ដូងខ្ចីដែលយើងលក់រាយរាល់ថ្ងៃ មួយផ្លែ ក៏មានតម្លៃចន្លោះពី ២ ពាន់រៀល ទៅ ៣ពាន់រៀល ទៅស្ថានភាពទីផ្សារជាក់ស្តែង ចឹងទីផ្សារចិននឹងមិនមានតម្លៃទាបជាងនេះទេ»។
លោក ចាន់ រិទ្ធិ ថា នៅពេលកសិករ ដាំដូងកាន់តែច្រើន និងយល់ដឹងពីបច្ចេកទេសដាំដុះ នោះនឹងអាចជួយឲ្យទទួលបានចំណូលកាន់តែប្រសើរឡើង ធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូចការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។បើតាមលោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពត បានឲ្យដឹងថា ខេត្តកំពតពលរដ្ឋនិយមដាំដូង ៣ ប្រភេទ រួមមាន ដូងក្រអូប ដូងគល់កែ និងដូងកាប៉ាល់។ ក្នុងនោះ មានផ្ទៃដីដាំដុះដំណាំដូងប្រមាណជា ៤០៥៥,៥ ហិតា ផ្ទៃដីប្រមូលផល ៣ ៥៦៥ហិតា ទិន្នផល ១៣,៦៣ តោន ក្នុងមួយហិតា បរិមាណផល ៤៧ ២២៦តោន៕