(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់រដ្ឋាភិបាលនៃប្រទេសហ្គាបុង បន្ទាប់ពីរដ្ឋប្រហារ កាលពីខែមុន។
សហរដ្ឋអាមេរិក កំពុងរារាំងជំនួយ ដែលអាចជួយដល់រដ្ឋាភិបាលហ្គាបុង ប៉ុន្តែនៅតែបន្តសកម្មភាពប្រតិបត្តិការ នៅក្នុងប្រទេសនេះ រួមទាំងប្រតិបត្តិការការទូត និងកុងស៊ុល ដែលគាំទ្រពលរដ្ឋអាមេរិក។ ការសម្រេចនេះ គឺស្របតាមវិធានការ ដែលត្រូវបានចាត់ឡើងដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកកណ្តាល សហភាពអាហ្វ្រិក និងដៃគូអន្តរជាតិផ្សេងៗទៀត។ លោកប្ល៊ីនខិន បាននិយាយថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងផ្អាកកម្មវិធីជំនួយបរទេសមួយចំនួនដែលផ្តល់អត្ថប្រយោជន៍ដល់រដ្ឋាភិបាលហ្គាបុង ខណៈពេលដែលយើងវាយតម្លៃការអន្តរាគមន៍ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញដោយសមាជិកនៃយោធារបស់ប្រទេសនេះ ៕