(សហរដ្ឋអាមេរិក)៖ ប្រធានអង្គការណាសា លោក Bill Nelson បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាសជាមួយចិន ដើម្បីវិលត្រឡប់ទៅកាន់ឋានព្រះចន្ទវិញ ។ នៅក្នុងបទសម្ភាសជាមួយ BBC លោក Nelson និយាយថា លោកចង់ឲ្យប្រាកដថា ពួកយើងត្រូវតែទៅដល់ទីនោះមុនគេ ។
សេចក្តីអធិប្បាយរបស់លោក នឹងធ្វើឲ្យគេនឹកឃើញដល់កាលពីទសវត្សរ៍ឆ្នាំ ១៩៦០ និងឆ្នាំ ១៩៧០ ពេលដែលអង្គការណាសា ចូលរួមប្រកួតប្រជែងជាមួយសហភាពសូវៀត ។ ប៉ុន្តែពាក់កណ្តាលសតវត្សរ៍ក្រោយមក អង្គការណាសា នឹងជួលក្រុមហ៊ុនឯកជន ដើម្បីធ្វើការងារឲ្យបានច្រើនជាងនេះបន្ថែមទៀត ។លោក Nelson និយាយថា ពួកគេសំខាន់ ពីព្រោះថា វានឹងអនុញ្ញាតឲ្យមានការរួមចំណែកចំណាយច្រើន ហើយសម្រាប់អង្គការណាសា នឹងប្រើប្រាស់គំនិតឆ្នៃប្រឌិតរបស់សហគ្រិននៅក្នុងវិស័យឯកជន ។
លោកចង់សំដៅលើក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលត្រូវបានផ្តល់កិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទកាលពីឆ្នាំ ២០២១ ហើយនិងផលិតរ៉ុក្កតដែលមានកម្លាំងខ្លាំងបំផុតពុំធ្លាប់ដែលបានផលិតកាលពីមុន ។ ក្រុមហ៊ុនឯកជនដទៃទៀត នឹងយល់ឃើញផងដែរពីអត្ថប្រយោជន៍នៃការប្រកួតប្រជែងនៅទីអវកាស ។
កាលពីដើមខែនេះ ទីភ្នាក់អវកាសរបស់សហរដ្ឋអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៤ពាន់លានដុល្លារជាមួយក្រុមហ៊ុន Blue Origin របស់លោក Jeff Bezos ដើម្បីផលិតយានចុះចតលើឋានព្រះច័ន្ទ ។ ទាំងនោះគឺជាក្រុមហ៊ុន ២ដែលរកបានអត្ថប្រយោជន៍ពីការផ្តល់មូលនិធិរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ។
វាគឺជាប្រាក់ដែលត្រូវចំណាយលើបច្ចេកវិទ្យាទីអវកាស យ៉ាងហោចណាស់ក៏ដើម្បីព្យាយាមបន្តនាំមុខចិន ស្របពេលដែលកើតមានភាពតានតឹងខ្លាំងជាងមុនរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ។ សូមបញ្ជាក់ថា កាលពីចុងខែសីហាកន្លងទៅ ឥណ្ឌាបានក្លាយជាប្រទេសទី ៤នៅលើពិភពលោក សម្រេចបានការចុះចតនៅលើឋានព្រះច័ន្ទ ហើយនិងជាប្រទេសលើកដំបូងគេ ដែលបានឡើងដល់ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ធ ៕