ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលធ្លាប់មានប្រវត្តិធ្វើអត្តឃាត០២លើកកន្លងមក តែមិនបានសម្រេច ពេលនេះ បានធ្វើអត្តឃាតខ្លួនឯងជាលើកទី០៣ ដោយប្រើប្រាសកាំបិតអារ.កផង ផឹកទឹកអាស៊ីតផង នៅតែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ច និងក្រុមគ្រួសារ បញ្ជូនតាមរថយន្តសង្គ្រោះរបស់ពេទ្យទៅកាន់មន្ទីរបង្អែក ស្រុកមោងប្ញស្សី កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ខណៈដែលបុរសដែលចង់ស្លាប់នោះក្រាញននៀលមិនចង់ឡើងរថយន្ត ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ កញ្ញា នៅចំណុចភូមិកោះធំ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ។ បុរសដែលធ្លាប់មានប្រវត្តិធ្វើអត្តឃាតចំនួន០៣ដងតែមិនបានជោគជ័យម្នាក់នេះ ត្រូវគេស្គាល់ថា ឈ្មោះសាន់ ឌី អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើហេតុខាងលើ ។
របាយការណ៍បានបញ្ជាក់ថា បុរសម្នាក់នេះបានប្រើប្រាសកាំបិតវែងអារ.កខ្លួនឯង រួចយកចាក់ទឹកអាស៊ីតពីក្នុងអាគុយយកទៅផឹកថែមទៀតតែមិនស្លាប់ ហើយត្រូវបានម្ដាយក្មេកនិងកូនតូចៗដេកនៅក្បែរនោះដឹកក៏មានការភ្ញាក់ផ្អើលហៅអ្នកក្បែរខាងឲ្យជួយ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បុរសនេះមានប្រពន្ធនិងកូន០៤នាក់ ។ គាត់និងប្រពន្ធ និងកូនតូចម្នាក់ បាននាំគ្នាធ្វើចំណាកស្រុក ទៅរកស៊ីនៅស្រុកវាលវែង ដោយទុកកូន០៣នាក់នៅជាមួយម្ដាយក្មេក ។
ប្រភពបានឲ្យដឹងទៀតថា ប៉ុន្មានមុននេះ គាត់បានមកលេងកូននៅផ្ទះ រីឯប្រពន្ធមិនបានមកជាមួយទេ។ ប៉ុន្តែគេមិនបានដឹងអំពីមូលហេតុ ដែលឲ្យបុរសនេះសម្រេចធ្វើអត្តឃាតដោយយកកាំបិតអារ.កផង ផឹកទឹកអាស៊ីតផងនោះទេ ស្រាប់តែមានការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រតែម្ដង ។
នាយប៉ុស្ដិ៍រដ្ឋបាល ស្ដុកប្រវឹក លោក ធឿន កំសត់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា បើតាមប្រវត្តិ ដែលលាតត្រដាងដោយសាច់ញាតិបានប្រាប់ថា ឈ្មោះ សាន់ ឌី ធ្លាប់ធ្វើអត្តឃាតខ្លួនឯងចំនួន០២លើកកន្លងមកហើយ ហើយនេះជាលើកទី០៣ តែមិនបានមិនបានសម្រេចដដែល ។ គេមិនដឹងរឿងរ៉ាវដែលនាំឲ្យបុរសម្នាក់នេះចង់តែស្លាប់នោះទេ ។
លោកមេប៉ុស្ដិ៍បាននិយាយថា នៅថ្ងៃទី២៥ កញ្ញា មុនកើតហេតុ បុរសនេះ បានប្រាប់ម្ដាយក្មេកថា ទៅរកត្រី ។ ប៉ុន្តែពេលត្រឡប់មកដល់ផ្ទះពេលព្រលប់ បុរសនេះ ហាក់មិនបាននិយាយស្ដីទេ ក៏ដេកក្នុងអង្រឹង។ លោក ធឿន កំសត់ ដែលទទូលបានព័ត៌មានខ្លះៗពីម្ដាយក្មេងជនរងគ្រោះ បាននិយាយប្រាប់លោកទៀតថា នៅវេលារំលងអធ្រាត្រទៅហើយ ស្រាប់តែគាត់ឮសំឡេងកូនប្រសាររូបនេះ ហាក់ដូចត្រដខ្យល់នៅក្នុងអង្រឹង ហើយគាត់ក៏ងើបមើល ក៏ឃើញកូនប្រសារមានឈាមជោកជាំត្រង់.ក ជាមួយនឹងស្នាមរបួសផង និងឈាមជោគអង្រឹង តែនិយាយមិនរួចទេ ទើបគាត់ស្រែកហៅឲ្យបងប្អូននិងអ្នកជិតខាងជួយ ។
លោកមេប៉ុស្ដិ៍រូបនេះបានបញ្ជាក់ថា នៅកន្លែងកើតហេតុ គេប្រទះឃើញកាំបិតវែង០១ និងអាគុយ តែអស់ទឹកអាស៊ីតចំនួន០៣ថត និងមានកំណាត់ដបទឹកសុទ្ធ ដែលជនរងគ្រោះបានចាក់អាស៊ីតផឹក ។ លោកមេប៉ុស្ដិ៍បានបន្ថែមថា លោកពុំទាន់ទទូលបានព័ត៌មានជាក់លាក់ពីក្រុមគ្រួសារនៅឡើយទេ អំពីមូលដែលនាំឲ្យជននេះប៉ងធ្វើអត្តឃាតម្ដងហើយម្ដងទៀតមិនបានសម្រេចនេះទេ ។
ប៉ុន្តែបើតាមប្រវត្តិខ្លះៗដែលអ្នកភូមិ និងក្រុមគ្រួសារបានបំភ្លឺត្រូសៗ បុរសនេះធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយបច្ចុប្បន្នក៏នៅតែប្រព្រឹត្តដែរ រហូតស្ទើរតែបាត់បង់សតិទៅហើយ ទើបប៉ុនប៉ងសម្លាប់ខ្លួនច្រើនលើក ច្រើនសារតែមិនបានសម្រេច ។
យ៉ាងណាក្ដី នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ដែលមន្ត្រីមូលដ្ឋានទទូលបានពីការបំភ្លឺខ្លះៗរបស់ក្រុមគ្រួសារ តែរឿងពិតបែបណានោះ ទាន់តែសាម៉ីខ្លួន ឬប្រពន្ធជនរងគ្រោះ ទើបអាចបញ្ជាក់ការពិតបាន ៕