(ភ្នំពេញ)៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលថ្មី មកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសកម្ពុជា នៅថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមប្រភពពី មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះ។ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សន កិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តមសីហនុ។ នៅក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នឹងដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព និងជួបសម្ដែងការគួរសមជាមួយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសម ជាមួយនឹងសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ លោកនាយករដ្ឋមន្ត្រីថៃ នឹងជួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា។ កម្មវិធីបន្ទាប់លោកនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធមណ្ឌលសុំចតនិងទទួលជនរងគ្រោះ ដោយសារគ្រឿងញៀន និងក្រុមងាយរងគ្រោះដទៃទៀតផងដែរ៕