(ស៊ុយអែត)៖ ប្រជាពលរដ្ឋស៊ុយអែតជាង ១០០ នាក់បានមកជួបជុំគ្នានៅរដ្ឋធានីស្តុកហូម (Stockholm) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ដើម្បីបង្ហាញការតវ៉ាចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត នៅក្នុងការចូលរួមជាមួយអង្គការណាតូ ដោយក្រុមអ្នកតវ៉ានាំគ្នាប្រឆាំងចំពោះសមាជិកភាពនៅក្នុងអង្គការ និងអំពាវនាវសូមឱ្យមានការបញ្ចប់សង្គ្រាម ។ ក្រុមអ្នកតវ៉ានាំគ្នាលើកផ្ទាំងបដាដែលសរសេរពាក្យថា “ស៊ុយអែតមិនត្រូវការណាតូ សម្រាប់ដោះស្រាយសន្តិភាពនោះទេ ព្រោះតែណាតូ នឹងនាំតែសង្គ្រាមមកឱ្យស៊ុយអែតតែប៉ុណ្ណោះ” អមដោយផ្ទាំងបដាមួយផ្សេងទៀតមានន័យថា “និយាយថាទេចំពោះណាតូ” ។
សកម្មភាពទាំងអស់នេះ ក្រុមអ្នកតវ៉ាបានសម្តែងការប្រឆាំងចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែតដោយសម្រេចក្លាយជាសមាជិកអង្គការណាតូ ។ ដំណាលគ្នានេះ អ្នករៀបចំការតវ៉ាឈ្មោះណាដចា អាល់ម៉ាលគី ហ្គុនណាសុន (Nadja Al-Malki Gunnarsson) បានរៀបរាប់ថា គោលបំណងសំខាន់គឺថាយើងចង់បញ្ឈប់ស៊ុយអែត ចំពោះការចូលរួមនៅក្នុងសម្ព័ន្ធភាពណាតូ ហើយយើងមិនចង់ជាផ្នែកមួយរបស់ណាតូទេ ។ នៅក្នុងការតវ៉ានោះដែរ ក៏មានការចូលរួមពីក្រុមសិល្បករ ដោយសម្តែងបទចម្រៀងលើកសរសើរពីសន្តិភាពនាពេលអតីតកាលនៅក្នុងប្រទេសស៊ុយអែត និងបង្ហើរសំនៀងព្រមានអំពីគ្រោះមហន្តរាយដែលសាធារណជនអាចនឹងត្រូវប្រឈមមុខ ។
នៅក្នុងនោះ តារាសម្ដែងម្នាក់ឈ្មោះហាកាន់ ជូលែនឌ័រ (Hakan Julander) បានលើកឡើងថា កេរ្តិ៍ឈ្មោះ កាលពី ២០ ឬ ៣០មុនរបស់ប្រទេសស៊ុយអែត ក្នុងនាមជាប្រទេសអព្យាក្រឹត បានសម្រុះសម្រួលគ្នាជាមួយប្រជាជាតិនានាក្នុងពិភពលោក ប៉ុន្តែបានរសាត់បាត់ទៅវិញ ដោយសារតែការសម្រេចចិត្តចូលរួមជាមួយអង្គការណាតូ ហើយវាបាននាំឱ្យមានក្តីព្រួយបារម្ភ និងការភ័យខ្លាចអំពីអនាគតប្រទេស។ ក្រុមអ្នកតវ៉ាបានលើកឡើងជាបន្តទៀតថា ណាតូមិនមែនជាសម្ព័ន្ធមិត្តការពារជាតិទេ ប៉ុន្តែណាតូជាសម្ព័ន្ធមិត្តប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលបម្រើផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងធ្វើសង្គ្រាមនៅក្រៅប្រទេស ។ ពួកគេបានបង្ហាញក្តីកង្វល់ថា ការចូលរួមជាមួយណាតូ អាចនឹងនាំឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើដីស៊ុយអែត ហើយក៏បង្កើនហានិភ័យនៃការវាយប្រហារដោយនុយក្លេអ៊ែរ។ ស៊ុយអែត គួរតែផ្តោតលើការការពារទឹកដីរបស់ខ្លួនច្រើនជាង មិនមែនធ្វើសង្រ្គាមនៅក្រៅប្រទេសក្រោមការបង្គាប់ពីណាតូនោះទេ ៕