(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅអាមេរិកប្រកបដោយផជោគជ័យ។ ក្រៅតែពីការអញ្ជើញថ្លែងសុន្ទរកថា នៅអង្គការសហប្រជាជាតិហើយនោះ ក្នុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងជជែកការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និងប្រធានាធិបតីប្រទេសទីម័រខាងកើតផងដែរ។
តាមរយៈជំនួបទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលនយោបាយការបរទេស របស់កម្ពុជា ក្នុងនាមសម្តេចជាមេដឹកនាំថ្មីរបស់កម្ពុជា ព្រមទាំងជម្រាបពីគោលនយោបាយអភិវឌ្ឍន៍ដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលថ្មី។ បន្ថែមពីលើនោះ ក៏មានការជជែកពីការពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។
ដោយឡែកជំនួបជាមួយអនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងប្រធានាធិបតីទីម័រខាងកើត ក៏ទទួលបានលទ្ធផលល្អប្រសើរ ដោយបាននាំទៅដល់ការយល់ពីជំហរនយោបាយរបស់កម្ពុជា ព្រមទាំងប្តេជ្ញាពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែល្អប្រសើរ។
បេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតីផ្តោតលើគោលដៅ ៣រួមមាន៖ ការទូត នយោបាយ និងសេដ្ឋកិច្ច។ ដូច្នេះនៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី ក៏បានស្វះស្វែងរកប្រយោជន៍សេដ្ឋកិច្ចផងដែរ ដោយសម្តេចបានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអាមេរិក និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី បានលើកបង្ហាញនូវគោលនយោបាយ និងកិច្ចគាំពារជាច្រើនរបស់រាជរដ្ឋាភិបាលអ្នកវិនិយោគ ហើយសម្តេចបានទទូចឱ្យអ្នកវិនិយោគអាមេរិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចធិបតី បានប្រកាសផ្តល់ការគាំទ្រ និងកិច្ចគាំពារទាំងឡាយ គួបផ្សំនិងភាពអំណោយនានា គឺអ្នកវិនិយោគអាមេរិក នឹងទទួលផ្លែផ្កាលើការវិនិយោគរបស់ពួកគេ។ ការយកចិត្តទុកដាក់លើប្រជា ពលរដ្ឋជានយោបាយអាទិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនថាតែពលរដ្ឋនៅក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។ ក្នុងឱកាសអញ្ជើញដល់សហរដ្ឋអាមេរិកនេះ មុនហោះមកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ប្រមាណជា ២ពាន់នាក់៕