(កំពង់ឆ្នាំង)៖ ខណៈដែលប្រជាកសិករ កំពុងប្រមូលផលស្រូវស្រាល តម្លៃស្រូវ ដែលពួកគាត់លក់ចេញ មានតម្លៃខ្ពស់ជាងឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
លោក ប្រធានមន្ទីរបានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ តម្លៃស្រូវក្រអូបស្ងួត ១.៥៥០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម។ ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១.៤៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម។ ស្រូវ IR សើមតម្លៃ ១.១៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២០០រៀល ក្នុង១គីឡូក្រាម។ លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវស្រាលបានចំនួន ១៦.៩៥៦ហិកតាហើយ លើផ្ទៃដីដាំដុះបានចំនួន ១៣៩.៤៨៦ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ៣.៩១០គីឡូក្រាម ក្នុង១ហិកតា៕