(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមទទួលយកសំណើអញ្ជើញជាផ្លូវការ នៅក្នុងដំណើរទស្សនកិច្ចនៅឯប្រទេសចិន ក្នុងខែតុលា ។ សកម្មភាពនេះ បានធ្វើឡើងអំឡុងលោកពុទីន ធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី (Wang Yi) នៅក្នុងកិច្ចពិភាក្សានៅឯទីក្រុងសេន-ផេតធើស្បើក (St Petersburg) ប្រទេសរុស្ស៊ី ។
សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកពុទីន នៅឯក្រៅប្រទេស ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងករណីចាប់យកក្មេងៗចេញពីប្រទេសអ៊ុយក្រែន ហើយនេះគឺជាការចោទប្រកាន់ ដែលវិមានក្រឹមឡាំងបានបដិសេធ ។ ដំណាលគ្នានេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) និងត្រូវជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពុទីន នៅថ្ងៃអង្គារសប្តាហ៍នេះ បានអះអាងថា ជំនួបរវាងលោកពុទីន និងលោកស៊ីជីនពីង នឹងធ្វើឡើងនៅខែតុលា ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង ។
កាលពីដើមខែនេះ ប្រទេសចិនបានបញ្ជាក់ថា ៩០ ប្រទេសបានបញ្ជាក់អំពីការចូលរួមជាមួយសន្និសីទគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន (BRF) ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ស្របពេលក្រសួងការបរទេសចិន បានលើកឡើងថា នៅឆ្នាំ ២០២៣ គឺជាខួបរយៈពេល ១០ ឆ្នាំនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ (BRI)៕