ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានបន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងភូមិចំនួន៣ បន្ថែមទៀត ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងនោះមាន៖ ភូមិវាល ភូមិទួល និងភូមិលាវ។ ការបាញ់ថ្នាំសម្លាប់មូសខ្លានេះបានធ្វើឡើងនៅបរិវេណជុំវិញផ្ទះ នៅក្នុងផ្ទះ បន្ទប់ទឹក អាងទឹក ថ្លុកទឹក និងនៅតាមសង់ខាងផ្លូវសាធារណៈក្នុងភូមិផងដែរ ពិសេសតំបន់ដែលកើតមាននូវជំងឺគ្រុនឈាមតែម្តង។
ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងតាមការណែនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានចុះអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសហគមន៍នានាក្នុងខេត្តប៉ៃលិន ដើម្បីធានានូវសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម។ យុទ្ធនាការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម។ ឯកឧត្តមបានបន្តថាមូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ការកប់ បំផ្លាញចោលនូវជម្រកមូសខ្លា មានដូចជាសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង សំបកដប និងវត្ថុផ្សេងៗទៀតដែលអាចដក់ទឹកបាន ជាវិធីល្អសម្រាប់បំបាត់ជំងឺគ្រុនឈាម។ ឯកឧត្តមក៏បានជំរុញអោយមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក បន្តចុះបាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមឲ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ក៏ធ្លាប់បានជម្រាបជូនសាធារណៈជនផងដែរថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងនូវករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាម តែងតែមានវដ្ដ នៃជំងឺកើនឡើងខ្ពស់ ខុសប្រក្រតីនៅរៀងរាល់ ៥ទៅ៦ឆ្នាំម្តង។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ លោក វួច ពឿន ប្រធាន AKP ប៉ៃលិន