(រុស្ស៊ី-ចិន) ៖ មូលនិធិ Roscongress កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសថា ក្រុមហ៊ុនប្រេង United Oil and Gas-Chemical (ONGK) របស់រុស្ស៊ី និងក្រុមហ៊ុនប្រេង Xuan Yuan Industrial Development របស់ចិន បានព្រមព្រៀងគ្នាលើការវិនិយោគទឹកប្រាក់ចំនួន ៦៨៦លានដុល្លារអាមេរិក ដើម្បីសាងសង់កន្លែងដឹកជញ្ជូនប្រេង នៅភាគខាងកើតរបស់ប្រទេសរុស្ស៊ី។
នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។ ការវិនិយោគនេះ នឹងជួយសម្រួលដល់ការនាំចេញប្រេងរុស្ស៊ីទៅកាន់ចិន នៅពេលដែលទីក្រុងម៉ូស្គូពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្លួន ដើម្បីធ្វើពិពិធកម្មការនាំចេញទៅទិសខាងកើត និងឆ្ងាយពីអឺរ៉ុប។កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ត្រូវបានចុះហត្ថលេខា កាលពីសប្តាហ៍មុន នៅក្នុងទីក្រុងវ្លាឌីវ៉ូស្តុក (Vladiv os tok) ភាគខាងកើតប្រទេសរុស្ស៊ី នៅវេទិកាសេដ្ឋកិច្ច ដែលរៀបចំដោយមូលនិធិ Roscongress ដោយមូលនិធិនេះ នឹងដើរតួជាអ្នករៃអង្គាសប្រាក់ពីស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និងចិន។
ការសាងសង់ឆ្លងព្រំដែន នឹងត្រូវបង្កើតឡើងក្នុងតំបន់ស្វយ័តជ្វីហ្វរបស់រុស្ស៊ី នៅក្បែរស្ពានរថភ្លើងឆ្លងកាត់ទន្លេ Amur ដែលតភ្ជាប់ពីតំបន់ Nizhneleninskoye របស់រុស្ស៊ីទៅកាន់ទីក្រុង Tongjiang របស់ចិន។ មូលនិធិ Roscongress បានបញ្ជាក់ថា នឹងមានអង្គភាពហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ រួមទាំងស្ថានីយ ដែលមានសមត្ថភាពផ្ទុក និងលាយប្រេងឆៅរហូតដល់ ៥.៨លានតោនក្នុង១ឆ្នាំ នៃល្បាយប្រេងឆៅ និងប្រេងឥន្ធនៈ ក៏ដូចជាឧស្ម័ន។ផែនការនេះ ក៏បានព្យាករណ៍ផងដែរ អំពីការសាងសង់ដេប៉ូមួយ (Depot) ដែលមានធុងបញ្ឈរ និងផ្ដេក សម្រាប់ទទួល រក្សាទុក និងចែកចាយផលិតផលប្រេងឆៅ និងប្រេងឥន្ធនៈបានរហូតដល់១លានតោនក្នុង១ឆ្នាំ។ វាក៏នឹងមានកន្លែងបំពេញឧស្ម័ន សម្រាប់ការបញ្ជូនឧស្ម័នរាវ ដែលអាចផ្ទុកបានដល់ទៅ ៦៥ម៉ឺនតោន នៃផលិតផលប្រចាំឆ្នាំ៕