ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្ទឹងកំពុងហូរខ្លាំង
បណ្តាលឱ្យមានការភ្ញាក់ផ្អើល កាលពីវេលម៉ោង១២ និង៣០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចស្ពានបាញ់ឆ្គោល ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ ។ ហើយរហូតដល់ម៉ោង៣រសៀលថ្ងៃដដែល គឺនៅពុំទាន់រកឃើញកុមាររងគ្រោះនៅឡើយទេ ខណៈដែលសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថា «គ្មានសង្ឃឹមថានៅរស់» ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានដោយដឹងថា កុមារារងគ្រោះមានឈ្មោះ សាំង លាភសុខរិទ្ធ អាយុ៧ឆ្នាំ ជាកុមារកំព្រាឪពុក ។ ចំណែកម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន កំពុងរស់នៅ៣នាក់បងប្អូន ជាមួយជីតា ឈ្មោះ ប៉ិល សាំង អាយុ៨៦ឆ្នាំ ។ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កុមាររងគ្រោះនិងបងប្រុសម្នាក់ទៀត ឈ្មោះ សាំង លាភអភិវឌ្ឍន៍ អាយុ១១ឆ្នាំ បានដើរទៅលេងនៅមាត់ស្ទឹងជាប់របងវត្តបាញ់ឆ្គោល ចំណុចព្រះសង្ឃធ្វើកាំជណ្តើរចុះទៅក្នុងស្ទឹង ដូចសព្វដង ( ២នាក់បងប្អូនតែងតែមកលេងទីនេះ) ។ តែពេលទៅដល់ទីនោះ ទាំង២នាក់បងប្អូនបានចុះទៅលេងនៅផ្នែកខាងក្រោមមានចាក់សាបជាប់ទឹក ស្រាប់តែកុមារជាប្អូនបានរអិលជើងធ្លាក់ចូលទៅក្នុងស្ទឹងតែម្តង ។បងប្រុសបានព្យាយាមជួយដែរ ប៉ុន្តែដោយសារទឹកហូរខ្លាំងពេកមិនអាចជួយប្អូនបាន ក៏រត់ទៅប្រាប់ជីតានិងអ្នកភូមិទើបមានការឆោឡោឡើង ហើយក៏បាននាំគ្នាមុជរក ។ ប៉ុន្តែការព្យាយាមរក ដោយគ្មានឧបករណ៍ មុជទឹកពិតជាមិនងាយនោះទេ ដោយតែខែនេះទឹកឡើងហូរខ្លាំងពេក ហើយរហូតម៉ោងជាង៣រសៀល ទៅហើយនៅមិនទាន់ឃើញនោះឡើយ ។
មន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានបានបន្តថា កុមារ៣នាក់បងប្អូន ដែលមានប្អូនប្រុសធ្លាក់ចូលទឹកស្ទឹង មានបងស្រីឈ្មោះសាំង លាភនីតា អាយុ១៥ឆ្នាំ ។ ពេលនាងបានត្រឡប់ពីសាលារៀនវិញ បានយំរហូតសន្លប់នៅលើស្ពាន ខណៈដែលបងប្អូនប្រជាពលរដ្ឋ កំពុងព្យាយាមរកប្អូនកំពុងបាត់ខ្លួន ។