(កីឡា)៖ កីឡាការិនីវាយកូនបាល់អាមេរិកវ័យទើបតែ ១៩ ឆ្នាំ Ashlyn Krueger បានក្លាយជាជើងឯក នៃ កម្មវិធី Japan Open ដែលជាពានរង្វាន់ក្នុងក្របខណ្ឌ Tour លើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីចិន Zhu Lin នៅវគ្គផ្តាច់ព្រ័ត្រ។Ashlyn Krueger លេងមិនចាញ់សូម្បីតែមួយសិតនៅក្នុងការប្រកួតពេញមួយកម្មវិធី Japan Open នេះ បូករួមទាំងជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រ ២ សិតផ្ទួនៗ ៦-៣ និង ៧-៦(៨-៦) លើកីឡាការិនីលំដាប់លេខ ៣៥ ចិន Zhu Lin ដោយចំណាយពេល ១ ម៉ោង ៣៦ នាទី។
មុនឈានមកដល់ទឹកដីជប៉ុននេះ Ashlyn Krueger ដែលមានចំណាត់ថ្នាក់ពិភពលោកលេខ ១២៣ មានសមិទ្ធផលល្អបំផុតត្រឹមវគ្គ ៨ ក្រុមចុងក្រោយនៅកម្មវិធីមួយនៅទឹកដីហូឡង់ប៉ុណ្ណោះ។ ថ្ងៃចន្ទនេះ Ashlyn Krueger នឹងរំកិលចំណាត់ពិភពលោករបស់នាងមកឈរលំដាប់ Top100 លើកដំបូងក្នុងអាជីព៕