ខេត្តសៀមរាប ជាខេត្តមួយមានទីតាំងនៅក្បែរបឹងទន្លេសាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះខេត្ត សៀមរាបក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាតំបន់ទេសចរណ៍ដ៍សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារ ខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និង ប្រាសាទបុរាណដទៃទៀតជាច្រើន។នាពេលថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាង លក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានី អង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមាន អាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និង ប្រាសាទរាប់រយផ្សេងទៀត។យ៉ាងណាមិញ ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ថ្មីៗនេះភ្ញៀវទេសចរជាច្រើនទាំងភ្ញៀវជាតិ និង ភ្ញៀវ អន្តរជាតិ ហាក់មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះប្រាសាទបាពួន ដែលមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និង ក្បែរព្រះពន្លាជល់ដំរី។ទន្ទឹមនឹងគេឈ្មោះដ៏ល្បីរបស់ប្រាសាទនេះ ប្រាសាទបាពួន ក៏ជាប្រាសាទភ្នំមួយតំណាងឱ្យភ្នំសុមេរុ មានស្ថាបត្យកម្ម ស្អាត គួរឱ្យចង់ថតរូបលេងកម្សាន្តស្អាតៗ ព្រោះនៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើត តំណាងឱ្យសិរី សួស្តី មានស្ពានមួយប្រវែង ២០០ ម៉ែត្រទទឹងប្រវែង ២.៥ ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ ដើមរៀបគ្នាជាជួរយ៉ាង ស្មើ។គួរដឹងដែរថា សំណង់ប្រាសាទបាពួន ឬ បាភួននេះដែរគឺ កសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដី និង ថ្ម បាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង ដោយតួរបស់ប្រាសាទមាន ៣ ថ្នាក់ ហើយបើបានទៅលេង ប្រាសាទនេះក្នុងខែវស្សាទៀតភ្ញៀវទេសចរនឹងទទួលបាននូវអារម្មណ៍ប្លែកថ្មីមួយ ជាមួយអាកាសធាតុដ៏ត្រជាក់ និង ទេសភាពមានស្លឹកឈើខៀវខ្ចី ដែលនេះជាឱកាសល្អបំផុតសម្រាប់ភ្ញៀវទេសចរណាចូលចិត្តថតរូបលេង ដោយអាច ចាប់ប្លង់ពីខាងមុខប្រាសាទក៏បាន ឬ ឈរថតចេញពីលើស្ពានក៏បាន ដើម្បីបានឃើញទិដ្ឋភាពខាងមុខប្រាសាទ ទាំងមូល៕