(ភ្នំពេញ)៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណជាជាង ២៥៥០,៥៦ លានដុល្លារ ស្មើនឹង ៧១,៤១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ដោយឡែកនៅក្នុងខែ សីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៣៧,៥៣ លានដុល្លារ ស្មើនឹង ៦,៦៥ភាគរយ។
នេះបើតាមឯកឧត្តម គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធដារ។ ពាក់ព័ន្ធនឹងកិច្ចការប្រមូលពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្តេជ្ញាអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបន្តអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារ មានភាពរឹងមាំ ដែលរដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែង ស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាព ចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។ បើតាមពន្ធដារ ស្ថានភាពចំណូលពន្ធសម្រាប់ខែសីហា ឆ្នាំ២០២៣ សម្រេចបានត្រឹមតែ ៧៩,៨០% នៃគោលដៅប្រមូលចំណូល ប្រចាំខែស្របតាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ចំណែកហានិភ័យដែលបណ្តាលពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្តាប្រទេសជាប្រភពទុន សម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធឈានទៅប៉ះពាល់ដល់ចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។ វិស័យមួយចំនួនជាវិស័យដែលមានសក្តានុពលនៃចំណូលពន្ធផ្ទៃក្នុងជាអាទិ៍ វិស័យកាស៊ីណូនិងល្បែងភ្នាល់ អភិបាលកិច្ចល្អ (Good Governance) ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រធានពន្ធដារ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ ខ្ពស់លើគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការ របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញការប្រមូលពន្ធថែមទៀត៕