(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានជំរុញឲ្យក្រុមការងារបច្ចេកទេសសកម្មភាពមីននៃប្រទេសកម្ពុជា-ថៃបន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំងដែលត្រូវបោសសម្អាត ក្នុងគោលដៅដើម្បីបម្រើនូវឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។ការជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអនុញ្ញាតឲ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់អំពីចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥។ បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អាជ្ញាធរមីន បានទទួលអនុវត្តន៍នូវទស្សនវិស័យ និងសេចក្តីសម្រេចរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាមីនឲ្យអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ៕