(កូរ៉េខាងជើង)៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាលីស្ទីកចំនួនពីរគ្រាប់ ចេញពីឈូងសមុទ្រភាគខាងកើតរបស់ខ្លួន នេះបើតាមការបញ្ជាក់ដោយនាយសេនាធិការចម្រុះកូរ៉េខាងត្បូង និងមន្ត្រីដែនសមុទ្រជប៉ុន នៅថ្ងៃពុធនេះ ដោយការបញ្ជាក់នេះបានធ្វើឡើងនៅប៉ុន្មានម៉ោងស្របពេលដែលគេរំពឹងថា មេដឹកនាំលោក គីម ជុងអ៊ុន នឹងជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពុទីន នៅប្រទេសរុស្ស៊ី ។
ក្រុមអ្នកវិភាគបានលើកឡើងផងដែរថា សកម្មភាពនៃការបាញ់បង្ហោះមីស៊ីលដោយកូរ៉េខាងជើង បានធ្វើឡើងជាលើកដំបូង ខណៈដែលលោកគីម កំពុងតែស្ថិតនៅឯបរទេសជុំវិញទស្សនកិច្ចដំណើរដ៏កម្រមួយ ។ ទន្ទឹមនឹងនេះ ក៏មិនមានព័ត៌មានលម្អិតណាមួយបានបញ្ជាក់ភ្លាមៗអំពីទំហំ ឬរយៈចម្ងាយរបស់មីស៊ីលបាលីស្ទ៊ីកទាំងនេះឡើយ ប៉ុន្តែប្រមាណជា ៥ នាទីក្រោយការបាញ់ មន្ត្រីដែនសមុទ្រជប៉ុនបានរាយការណ៍ថា មីស៊ីលបាលីស្ទ៊ីកបានធ្លាក់ចូលទៅក្នុងសមុទ្រ ។
ដោយឡែក រដ្ឋមន្រ្តីទទួលបន្ទុកគណៈរដ្ឋមន្រ្តីជប៉ុន លោកហ៊ីរ៉ូកាហ្សូ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសជប៉ុនបានដាក់ពាក្យតវ៉ាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង តាមរយៈបណ្តាញការទូតដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ។ លោកបានបន្ថែមបន្តិចថា មីស៊ីលចំនួនពីរគ្រាប់របស់កូរ៉េខាងជើង បានធ្លាក់ចូលទៅក្នុងសមុទ្រ ស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ៕